ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំត្រស្តិសង្ក្រាន្ត អបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំ ត្រស្តិសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខ ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ឌិត នីតា ជាភរិយា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។ ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងជាការឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក៏មានការសម្តែងនូវ របាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានជោគជ័យថ្មីៗថែមទៀត ។ គួររំលឹកផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣-១៤-១៥ ខែមេសា ដែលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ នៃស្ដេចកុបិល្លមហាព្រហ្ម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner