សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់។

ការបញ្ជាក់នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីគីត្រា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតីបានបន្តថា តំបន់អាស៊ានដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មាន ដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគ សម័យឌីជីថល។ កម្ពុជាតែគាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម។ សម្តេចធិបតីបានបន្តថា គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពល ស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម, ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ាន ក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល ។ សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ, សេដ្ឋកិច្ច កម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ ២០២៤ ហើយនឹងអាចត្រលប់ទៅរកអត កំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។ កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ, ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេស បូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សា- ហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។

កម្ពុជាបានអនុម័ត ច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់ គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម។ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញបរិយាកាសនៃកិច្ចសន្ទនាបើកចំហតាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ទើបបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដើម្បីផ្តល់ “អត្ថប្រយោជន៍ពិសេស” ដល់ការវិនិយោគក្នុងឆ្នាំ ២០២៤ នៅក្នុងខេត្តព្រះសីហនុ ។ កម្មវិធីពិសេសនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជា មជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម, ពាណិជ្ជកម្ម, ធុរកិច្ច, ហិរញ្ញវត្ថុ ។ល។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងរៀបចំការរចនាឡើងវិញនូវតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរពីលក្ខណៈចម្រុះនៃឧស្សាហកម្ម, វិនិយោគិន និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស៕
ដោយ៖ពលជ័យ
រូបភាព៖ ឆាណេលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner