កម្ពុជា និងប្រទេសចំនួន៦ ជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest ឆ្នាំ២០២៤
ព្រះសីហនុ៖ ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest ២.០ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកម្ពុជា និងប្រទេសចំនួន៦ រៀបចំ បានបិទបញ្ចប់ដោយរលូន និងជោគជ័យ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងនាមក្រសួងទេសចរណ៍លោកបានថ្លែងអំណរគុណចំពោះស្ថាប័នជាតិ-អន្តរជាតិ ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដែលគាំទ្រ និងបន្តគាំទ្រដល់ដំណើរការរៀបចំមានព្រឹត្តិការណ៍ថ្មីៗដ៏មានសារៈសំខាន់ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ និងធុរៈជនធុរកិច្ចជនទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះបណ្ដាលក្រុមហ៊ុនវិស័យឯកជន ដែលតែងតែសហការជាមួយក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាដែលបានប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី តាមរយៈការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នានា។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរការរៀបចំកម្មវិធី «ស្តាយ ហ្វេស ខេមបូឌា ២០២៤» នៅតំបន់អភិវឌ្ឍទេសចរណ៍នេះ។ ឯកឧត្តមបន្តថា ស្របពេលដែលខេត្តព្រះសីហនុកំពុងដំណើការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា»ដែលប្រារព្ធឡើងក្នុងគោលបំណង ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិ ការវិនិយោគ ពាណិជ្ជកម្ម ការអភិវឌ្ឍ និងផ្សព្វផ្សាយ សេវាកម្មទេសចរណ៍ នៃច្រករបៀងសេដ្ឋកិច្ចខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំង៣ រួមមាន កម្ពុជា វៀតណាម និងថៃ។ ហើយការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង បង្កើតជាផលិតផលទេសចរណ៍ដ៍ទាក់ ទាញ ដើម្បីផ្តល់ការកំសាន្ត និងចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកខេត្តព្រះសីហនុ។
លោក Edward Lee នាយកគ្រប់គ្រងនៃក្រុមហ៊ុន Belt Road Capital Management មានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាខេត្តយុទ្ធសាស្ត្រមួយរបស់កម្ពុជា ទាក់ទងនឹងសេដ្ឋកិច្ច ភស្តុភារ និងទេសចរណ៍។ ហើយជាមួយនឹងកម្មវិធីវិនិយោគ ពិសេសរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ យើងជឿជាក់យ៉ាងមុតមាំថា វានឹងទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកកាន់ទីក្រុង និងនាំខេត្តព្រះសីហនុទៅកាន់កម្រិតបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។ លោកនាយកបន្ថែមថា លើសពីនេះ ជាមួយនឹងការវិនិយោគលំដាប់ពិភពលោកដ៏ធំមហិមារបស់ Canopysands ទៅក្នុងគម្រោង Bay of Lights នេះ នឹងមិនត្រឹមតែធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងយុទ្ធសាស្ត្រ សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់តំបន់ទាំងមូលនាពេលអនាគតផងដែរ៕ អត្ថបទ: ឈឹម ទីណា