ឯកឧត្តម ហេង សួរ៖ ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញជាសារនយោបាយដ៏មានទម្ងន់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយដ៏មានទម្ងន់សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងឱកាសចូលរួម ក្នុងពិធីសម្ពោធការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតការិយាល័យនេះ គឺសក្ខីភាពបញ្ជាក់ទៅកាន់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែងប្រកបដោយសក្តានុពលក្នុងការវិនិយោគ និងទំនុកចិត្ត។ ទន្ទឹមនឹងនេះ ការិយាល័យនេះក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅកាន់វិនិយោគជប៉ុនកាន់តែច្រើនអំពីឱកាស និងសក្តានុពលរបស់កម្ពុជា  ហើយស្ថានតំណាងជំនួញរបស់ជប៉ុនមួយនេះ ក៏នឹងក្លាយជាឈ្នាន់ក្នុងការទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធសឹងតែជាចំណុចគន្លឹះដែលបម្រើដល់ការវិនិយោគ ។

ឯកឧត្តម ហេង សួរ បន្តថា ការបង្កើតការិយាល័យសមាគមជប៉ុននៅកម្ពុជានាពេលនេះ នឹងក្លាយជាទម្ងន់នយោបាយដែលបង្ហាញពីផ្លែផ្កាទំនាក់ទំនងកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរទើបដំឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងកាលពីឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅកាន់សមាគមជប៉ុន នៅកម្ពុជាឱ្យដំណើរការដោយរលូន ដើម្បីឱ្យការវិនិយោគរបស់ជប៉ុនកាន់តែកើនឡើងជាលំដាប់ ដែលនឹងបង្កើតឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងស្រុកបន្ថែមទៀត ។

ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនជប៉ុនក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជាតាមរយៈការយោគយល់ និងអនុគ្រោះជាច្រើនដើម្បីធ្វើយ៉ាងណាជំរុញការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមរវាងប្រទេសទាំងពីរ ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner