ឯកឧត្តម វង សូត បង្ហាញសុទិដ្ឋិនិយម ចំពោះយុទ្ធសាស្រ្ត រាជរដ្ឋាភិបាលថ្មី ដឹកនាំប្រទេសជាតិ មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០

(ព្រៃវែង)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានបង្ហាញអំពីសុទិដ្ឋនិយមចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ១០០០ នាក់ នៅក្នុងពីធីសម្ពោធឆ្លងសាលាកុដិ ១ខ្នង អគារមត្តេយ្យសិក្សា១ខ្នង និង ផ្ទះថ្ម១ខ្នង ជូនចាស់ជរាពិការក្រីក្រ ព្រមទាំងសមិទ្ធផលនានា នៅវត្តជោតិវ័ន្ត និងសាលាបឋមសិក្សាជាច ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ដែលបានចូលរួមឯកឧត្តម វង សូត លើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ បានចាប់ផ្តើមការងាររបស់ខ្លួនដោយភាពស្វាហាប់ អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដោយមានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស។

ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម វង សូត បានថ្លែងអំណរគុណ ដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត លោកគ្រូអ្នកគ្រូ សប្បុរសជន រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងច្រើន ។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការថែក្សារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់រៀបរយ ដើម្បីធានាបាននូវភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ។

ឯកឧត្តម វង សូត និងលោកជំទាវ បាននាំយកនូវសម្ភារ:និងថវិកាចែកជូនដលប្រជាពលរដ្ឋ ១.០៤០នាក់ ក្នុយាយជី-តាជី ៥០នាក់ និងលោកគ្រូ អ្នកគ្រូ នូវថវិការមួយចំនួន និងឧបត្ថម្ភថវិកា ៨ឃុំ ក្នុង ១ឃុំ ១លានរៀល ប្រគេនបច្ច័យដល់វត្តចំនួន៧ ក្នុង ១វត្តបច្ច័យ ១លានរៀល និងឧបត្ថម្ភថវិកា ៥លានរៀលដល់សាលាបឋមសិក្សាជាច សម្រាប់សាងសង់ប្រព័ន្ធទឹកស្អាត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner