ទីបំផុត អាល្លឺម៉ង់បើកភ្លើងបៃតងឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់

ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ បានក្លាយជាប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុត ដែលអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងញៀនកញ្ឆាស្របច្បាប់ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លា ពីអ្នកនយោបាយបក្សប្រឆាំង និងសមាគមវេជ្ជសាស្ត្រក៏ដោយ។

ស្ថិតក្រោមជំហានដំបូងនៃច្បាប់ថ្មីនេះ មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ឆ្នាំ នឹងអនុញ្ញាតឱ្យយកកញ្ឆាស្ងួតតាមខ្លួនមានទម្ងន់ ២៥ក្រាម និងដាំដុះកញ្ឆារហូតដល់ ៣ដើមនៅក្នុងផ្ទះ។ នៅពេលដែលច្បាប់ថ្មីនេះ បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យចុងសប្តាហ៍មុន មនុស្សរាប់រយនាក់បានអបអរសាទរនៅមុខក្លោងទ្វារ Brandenbrug ដ៏ល្បីល្បាញរបស់ទីក្រុងប៊ែរឡាំង។

ហើយសម្រាប់ជំហានបន្ទាប់នៃកំណែទម្រង់ច្បាប់នេះ គឺចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ អាល្លឺម៉ង់នឹងអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ តាមរយៈការបើកក្លឹបកញ្ឆានៅក្នុងប្រទេស។ ជាមួយគ្នានេះ សមាគមគ្រប់គ្រងការប្រើប្រាស់កញ្ឆា ក៏នឹងត្រូវបានអនុញ្ញាតឱ្យទទួលសមាជិករហូតដល់ ៥០០នាក់ ហើយម្នាក់ៗអាចចែកចាយកញ្ឆាបានរហូតដល់ ៥០ក្រាមក្នុងមួយខែ។

ការផ្លាស់ប្តូរនេះ នាំឱ្យអាល្លឺម៉ង់ចូលរួមជាមួយនឹងច្បាប់ប្រើប្រាស់កញ្ឆាសេរីនៅក្នុងទ្វីបអឺរ៉ុប រួមជាមួយប្រទេសម៉ាល់តា និងលុចសំបួ ដែលបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់ការកំសាន្តស្របច្បាប់នៅឆ្នាំ២០២១ និងឆ្នាំ២០២៣។ ទោះបីជាយ៉ាងណា ហូឡង់ដែលគេស្គាល់ថា ជាប្រទេសប្រកាន់អាកប្បកិរិយាតឹងរ៉ឹងចំពោះគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចាត់វិធានការម៉ឺងម៉ាត់ជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងទេសចរណ៍កញ្ឆា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner