ជប៉ុនចាយ ៣៣ពាន់លានដុល្លារ ផលិតយន្តហោះខ្លួនឯង

ប្រទេសជប៉ុនទើបតែបានបង្ហាញពីគម្រោងផលិតយន្តហោះដឹកអ្នកដំណើរ ជំនាន់ក្រោយ ដែលត្រូវចំណាយថវិកា ៣៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

គម្រោងនេះត្រូវបានប្រកាស បន្ទាប់ពីបរាជ័យរបស់ក្រុមហ៊ុន Mitsubishi Heavy Industries លើការផលិតយន្តហោះដឹកអ្នកដំណើរ ដែលនាំឲ្យក្រុមហ៊ុនឯកជនមួយនេះ សម្រេចចិត្តបោះបង់ កាលពីខែកុម្ភៈ ឆ្នាំមុន ពោលគឺបន្ទាប់ពីបានតស៊ូ អស់រយៈពេល១០ឆ្នាំ។ ក្រុមហ៊ុន បានជួបបញ្ហាបច្ចេកទេសក្នុងការផលិត ហើយបានការពន្យារពេលដឹកជញ្ជូន ម្តងហើយម្តងទៀត។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានចេញផ្សាយ កាលពីសប្តាហ៍មុនថា ការផលិតយន្តហោះជំនាន់ក្រោយផ្អែកលើបច្ចេកវិទ្យា គឺជារឿងចាំបាច់ខ្លាំង ដើម្បីរួមចំណែកទប់ស្កាត់ការបំភាយឧស្ម័ន ពីការដឹកជញ្ជូនតាមផ្លូវអាកាស។

ការផលិតយន្តហោះជំនាន់ថ្មី ឬ យន្តហោះម៉ាស៊ីនភ្លោះ ដែលគិតគូរខ្ពស់ពីបរិស្ថាននេះ ត្រូវបានជំរុញ ស្របពេលដែលជប៉ុនកំណត់គោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ក្នុងឆ្នាំ១៩៦២ ជប៉ុនធ្លាប់បានបើកដំណើរការយន្តហោះពាណិជ្ជកម្ម ប្រភេទ YS-11 turboprop ប៉ុន្តែ បានដួលរលំវិញ មួយទសវត្សរ៍ក្រោយមក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner