ក្រសួងអប់រំចេញសេចក្តីណែនាំ មិនឱ្យសិស្សានុសិស្សលេងល្បែងទាំងឡាយណា ដែលមិនមែនជា ល្បែង ប្រជាប្រិយខ្មែរ
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៤នេះ បាន ចេញ សេចក្តី ណែនាំមួយដោយឱ្យរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ អំឡុង ពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន។
យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាកន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា៖ សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ ទឹក ជះទឹក គប់ស្បោង ទឹក លាប ម្សៅ ។ល។ ទៅលើគ្នាទៅវិញទៅមកដោយ គ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព។
ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាព ថ្លៃថ្នូរ សុខសុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់ គ្រប់គ្រឹះស្ថានមធ្យមសិក្សាដូចខាងក្រោម៖
១ . ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិន មែន ជា ល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហា និភ័យ គ្មាន សុវត្ថិ ភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។
២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែង ចែកការទទួលខុសត្រូវ តាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបាន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយ ភាពសប្បាយរីករាយ និងមានសុវត្ថិភាព។
៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាត ផ្សេងៗ។
៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរ ដែនដី ដើម្បីផ្តល់ និង ទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែល ប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្តល់ ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា។
ក្រសួងអប់រំបានបន្តឱ្យដឹងថាទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និង គណៈ គ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និង ឯកជន ត្រូវ អនុវត្ត សេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ម៉ាដេប៉ូ