បណ្ឌិត សេក សុជាតិ៖ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ បានមានប្រសាសន៍ថា ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអតីតអង្គនីតិប្រតិបត្តិ ដែលមានឥស្សរជនកំពូលៗ ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម អ៊ុច បូររិទ្ធ មកធ្វើជាថ្នាក់ដឹកនាំកំពូលនៅក្នុងអង្គនីតិប្បញ្ញត្តិ។

លោកបានបន្តថា ព្រឹទ្ធសភាកើតចេញេពីការបោះឆ្នោតអសកល អង្គបោះឆ្នោត គឺជាក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាសមាជិករដ្ឋសភា ដែលជាតួអង្គសំខាន់នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងអង្គនីតិប្បញ្ញត្តិ ឬក៏ព្រឹទ្ធសភា នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺមានសារៈសំខាន់ ហើយជឿជាក់ថា រាល់ការប្តេជ្ញាចិត្តរបស់សម្តេចតេជោ នឹងធ្វើឱ្យអ្វីៗទាំងអស់មានភាពល្អប្រសើរឡើង ហើយនឹងអាចដោះស្រាយបញ្ហាដូចអ្វីដែលសម្តេចបានគ្រោង ហើយនឹងចង់បានសម្រាប់កម្ពុជា និងប្រជាពលរដ្ឋទាំងមូលនៅក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន នឹងតទៅអនាគត។

បណ្ឌិត សេក សុជាតិ បានបញ្ជាក់ថា “កើតចេញពីការបោះឆ្នោតអសកលនាពេលកន្លងមកនេះ យើងឃើញហើយនេះ គឺជាប្រវត្តិសាស្ត្រមួយដែលយើងបានមើលឃើញនៅក្នុងអង្គនីតិប្បញ្ញត្តិ ជាពិសេសនៅក្នុងព្រឹទ្ធសភាតាមរយៈការបោះឆ្នោតអសកល មានគណបក្សនយោបាយពីរ ដែលបានជាប់ឆ្នោត។ ដូច្នេះអ្វីដែលជាការរំពឹងទុកខ្ញុំសង្ឃឹមថា គ្រប់យ៉ាងទាំងអស់នឹងប្រព្រឹត្តទៅបានដោយរលូន ហើយគ្រប់ភាគីពាក់ព័ន្ធអាចធ្វើសម្បទានឱ្យគ្នាទៅវិញទៅមកដើម្បីរកចំណុចកណ្តាលមួយ”។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បេក្ខជនជាប់សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីការបោះឆ្នោតរួច ឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភា បានប្រកាសជូនអង្គប្រជុំព្រឹទ្ធសភាថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោតប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥។ ឯកឧត្តម ប្រាក់ សុខុន ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ និងឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥៕
ដោយ៖ពលជ័យ

ads banner