រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញសួរសុខមន្រ្តីក្រោមឳវាត នៅខេត្តភាគឦសាន
រតនគិរី ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន
អញ្ជើញសួរសុខមន្រ្តីក្រោមឳវាតនៅខេត្តរតនគិរី ដែលជាខេត្តភាគឦសាន។
ក្នុងឳកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងផែនការអាទិភាពចម្បងចំនួន បួនរបស់ក្រសួងរួមមាន៖ (១)ការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និង អភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងនឹង ដាក់ចេញនូវយន្តការគន្លឹះក្នុងពេល ខាងមុខនេះ ,(២) ការធ្វើពិពិធកម្មនៃប្រភពធនធានថវិកា និងការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការ ប្រើប្រាស់ថវិកា ,(៣) ការពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និង (៤) ការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្តល់សេវារដ្ឋបាលសាធារណៈ។
ជក្រសួងក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ “ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការ ប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល”។ ជារួម ក្រសួងនឹងផ្តោតទៅលើការលើកកម្ពស់ទាំងផ្នែក ទន់ និងផ្នែករឹង ដែលគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី បន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែម នៅក្នុងអាណត្តិទី៧នេះ។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញបំពាក់បំពាក់គ្រឿងឥស្ស រិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនចំនួន២៨រូប ។
ឯកឧត្តមក៏បាននាំយកនូវសម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ,ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ផងដែរ៕
ដោយ :គតិ យុត្ត