ប្រធានអនុសញ្ញា អូតាវ៉ា ឆ្នាំ២០២៤ ស្នើដល់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល លើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដូចនេះក្នុងឱកាសអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៤ តាមបណ្ដាញសង្គមតេលេក្រាម ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៤ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។ គ្រាប់មីន បានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ ។
ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។
ក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាហាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស ឆ្នាំ២០២៤ (អនុសញ្ញា អូតាវ៉ា ) សម្ដេចនាយករដ្ឋមន្ត្រី សូមស្នើដល់សហគមន៍ អន្តរជាតិ និងពិភពលោកទាំងមូល បន្តរួមគ្នា បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ។
សូមបញ្ជាក់ថា តាមសារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ ប្រទេសកម្ពុជា បានបោសសម្អាតគ្រាប់មីន លើផ្ទៃដីជាង ៣ពាន់គីឡូម៉ែត្រការ៉េ ដើម្បីយកទៅប្រើប្រាស់ និងបង្កបង្កើនផល។ តែកម្ពុជា នៅតែបន្តការងារដោះមីនបន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ «កម្ពុជា គ្មានមីនឆ្នាំ២០២៥»។ ក្នុងចំណោមផ្ទៃដីដែលរំដោះបានពីចំការមីនជាង ៣ពាន់គីឡូម៉ែត្រការ៉េ ៧៦% ត្រូវបានយកទៅប្រើប្រាស់នៅក្នុងវិស័យកសិកម្ម។ ផ្ទៃដី៥% ត្រូវបានប្រើប្រាស់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និងមាន ១៩% ត្រូវបានយកទៅប្រើប្រាស់ក្នុងការសាងសង់លំនៅឋាន ភូមិករ សាលារៀន ឬមណ្ឌលសុខភាពជាដើមដោយប្រជាជនជិត ១២លាននាក់ ទទួលផលពីដីគ្មានមីនទាំងនេះ ។
តាមសារលិខិត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាង ៤លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោលក្នុងរយៈពេល ៣១ឆ្នាំកន្លងទៅ ។ ក្នុងចំណោមគ្រាប់មីនដ៏ច្រើនសន្ធឹកសន្ធាប់នេះ មីនប្រឆាំងមនុស្សមានជាង ១,១លានគ្រាប់ មីនប្រឆាំងរថក្រោះមានជាង ២៦០០០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះមានជាង ៣លានគ្រាប់។ ចំណែកចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។
ជាមធ្យម ចំនួនអ្នករងគ្រោះដោយគ្រាប់មីនធ្លាក់មកនៅក្រោម ១០០នាក់ ក្នុងរយៈពេល ១០ឆ្នាំ និងមកនៅត្រឹម ៥០នាក់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ ដើម្បីសម្រេចបានចក្ខុវិស័យ «កម្ពុជា គ្មានមីនឆ្នាំ២០២៥» កម្ពុជា ត្រូវការបោសសម្អាតផ្ទៃដី ដែលមានមីនសេសសល់ ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះ រួមទាំងគ្រាប់បែកចង្កោមជាង ១៣០០គីឡូម៉ែត្រការ៉េបន្ថែមទៀត ។
ដោយឡែក កាលពីពេលថ្មីៗនេះ ខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីនទី១៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈរយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានខេត្តចំនួន ០៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ស្របពេលដែលឆ្នាំ២០២៣ កន្លងទៅ គឺជាឆ្នាំប្រវត្តិសាស្រ្តនៃការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលរាជរដ្ឋាភិបាលបានធ្វើការបោសសម្អាតច្រើនជាងគេក្នុងរយៈពេលជាង ៣០ឆ្នាំ រហូតដល់ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រក្រឡា ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស ២៣៩៤៦គ្រាប់ មីនប្រឆាំងរថក្រោះ ២០៤គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ៦៦ ៣៧៤គ្រាប់ ៕
ដោយ ៖ វណ្ណលុក