ក្រសួងជំនាញ នឹងធ្វើការវាយតម្លៃទៅលើគុណភាពចំណេះដឹងនិស្សិត ដែលបញ្ចប់ការសិក្សាជំនាញឌីជីថលក្រោយចូលទៅបម្រើការងាររយៈពេល ៣ឆ្នាំ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងស្នើឱ្យមានកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសហការជាមួយសាកលវិទ្យាល័យដែលមានជំនាញឌីជីថល ឬហៅកាត់ថា(ICT) ដើម្បីឱ្យធ្វើការវាយតម្លៃថា និស្សិតដែលបញ្ចប់ជំនាញនេះ ចេញទៅធ្វើការនៅខាងក្រៅទទួលបានលទ្ធផលអ្វីខ្លះ ។
ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងសន្និសីទស្តីពី ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ២០២៤ និងការផ្សព្វផ្សាយផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា អ្នកជំនាញ ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ នឹងធ្វើការសហការជាមួយគ្នា ធ្វើការសហការជាមួយ សាកលវិទ្យាល ដែលមាននិស្សិតបញ្ចប់ការសិក្សាជំនាញឌីជីថលនេះ ដោយធ្វើការវាយតម្លៃទៅលើការប្រើប្រាស់ជំនាញរបស់ពួកគេនៅទីផ្សារការងារ ថាតើមានគំលាតខុសគ្នា បែបណា ជាមួយការសិក្សា និងទីផ្សារការងារ ដើម្បីឱ្យការដាក់ផែនការបណ្តុះបណ្តាលស្របទៅនិងទីផ្សារការងារ។
ដើម្បីជំរុញអនុវត្តន៍ ផែនទីបង្ហាញផ្លូវ អភិវឌ្ឍន៍ជំនាញឌីជីថល នេះប្រកបទៅដោយប្រសិទ្ធ និងសក្ត័សិទ្ធភាពនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានស្នើរសុំដល់ក្រសួងស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាល សាកលវិទ្យាល័យ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ត្រូវអនុវត្តន៍នូវអភិក្រម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកដោយនិងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តន៍យុទ្ធសាស្រ្ត និងសកម្មភាព អាទិភាពកំណត់នៅក្នុងផែនទីប្រកដោយបុរេសកម្ម និងសកម្ម ដើម្បីក្លាយទៅជាកំលាំងចលករមួយសំរាប់ជំរុញការអភិវឌ្ឍន៍ មូលធនមនុស្ស ឌីជីថលដែលមានសមត្ថភាព ឆ្លើយតបទៅនិងតម្រូវការទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យឌីជីថល និងកសាងសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។
ឯកឧត្តមបន្តថា ក្រសួងអប់រំ គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការបណ្តុះបណ្តាល រួមទាំងបច្ចេកវិទ្យាឌីជីថល ប៉ុន្តែក្រសួងប្រៃសណីយ៍ ក៏មានតួនាទីជួយធ្វើយ៉ាងណាដើម្បីឱ្យវិស័យនេះមានគុណភាព តាមរយៈការបង្កើតនូវផែនដីបង្ហាញផ្លូវនេះ ដើម្បីរៀបចំកម្មវិធីរបស់ខ្លួន នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ។
យោងតាមទិន្នន័យ ក្រសួងអប់រំយុវជន និងកីឡា និស្សិតដែលកំពុងសិក្សាជំនាញឌីជីថលនៅថ្នាក់ឧត្តមសិក្សាមានប្រមាណ ១០ភាគរយ នៃចំនួននិស្សិតសរុបប្រមាណ ២សែននាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២។ ចំនួននេះបង្ហាញពីការចាប់អារម្មណ៍លើការសិក្សាជំនាញឌីជីថលនៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងជំនាញ វិទ្យាសាស្រ្តសង្គម ធុរកិច្ច និងច្បាប់ ដែលមានចំនួននិស្សិតសរុបរហូតដល់ជាង ៦០ ភាគរយ ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា