សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នត្រូវចូលរួមឱ្យបានចំពោះការជ្រើសរើសមន្រ្ដីដែលត្រូវការចាំបាច់
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នត្រូវចូលរួមឱ្យបានចំពោះការជ្រើសរើសមន្រ្ដីដែលត្រូវការចាំបាច់ ពីព្រោះនៅក្នុងបរិបទថ្មីនេះ គឺត្រូវការមន្រ្ដីដែលមានជំនាញច្បាស់លាស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅក្នុងក្រសួងមុខងារសាធារណៈ ដែលក្នុងរយៈពេល ៧ខែនេះ បានខិតខំ និងចូលរួមយ៉ាងសកម្ម យកចិត្តទុកដាក់ក្នុងកិច្ចការងារធ្វើកំណែទម្រង់នានា។ សម្តេច បានថ្លែងកោតសរសើរចំពោះមន្រ្តីនៃក្រសួងមុខងារ សាធារណៈដែលបានខិតខំរួមគ្នាក្នុងការធ្វើកំណែទម្រង់ក្នុងរយៈពេល ៧ខែមកនេះ បន្ទាប់ពីបង្កើតរាជរដ្ឋា ភិបាលថ្មី នៃនីតិកាលទី៧ នេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវបន្តអនុវត្តឱ្យបានម៉ត់ចត់លើការជ្រើសរើសមន្រ្ដីរាជការឱ្យចូលបម្រើការនៅតាមក្រសួង ស្ថាប័ន ដោយធានាឱ្យបាននូវទំនុកចិត្តពីសាធារណៈជន។ សម្តេច បានណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការកែទម្រង់ឲ្យបានម៉ត់ចត់ចំពោះការប្រឡងចូលជាមន្រ្តីរាជការ ដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ«អ្នក ចេះគឺជាប់» ។
សម្ដេចធិបតី ណែនាំដល់ក្រសួង ស្ថាប័នត្រូវចូលរួមឱ្យបានចំពោះការជ្រើសរើសមន្រ្ដីដែលត្រូវការចាំបាច់ ពីព្រោះនៅក្នុងបរិបទថ្មីនេះ គឺត្រូវការមន្រ្ដីដែលមានជំនាញច្បាស់លាស់ ធ្វើការចំកន្លែងដែលក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានការខ្វះខាតជាក់ស្ដែង។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចមិនចិត្តអាក្រក់ចំពោះការជ្រើសរើសមន្រ្ដីថ្មីនោះទេ ប៉ុន្ដែការជ្រើសរើសនេះ គឺត្រូវមានការឯកភាពគ្នាច្បាស់លាស់ តាមរយៈការវាយតម្លៃលើតម្រូវការនៃការជ្រើសរើសដែលជាតម្រូវការរបស់ក្រសួង ស្ថាប័នរបស់ខ្លួន។ តើត្រូវការជំនាញអ្វី ខ្វះខាតនៅកន្លែងណាឱ្យប្រាកដលើរឿងនេះ ។ ការរើសមន្រ្តីថ្មី ទាល់តែបញ្ចប់ការវិភាគ វាយតម្លៃច្បាស់លាស់ ។
សម្តេចធិបតីបានផ្តល់អនុសាសន៍ឲ្យបន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាល បានផ្តល់គោលការណ៍អនុញ្ញាតផ្អែកលើនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត” ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេស មន្ត្រីជំនាញ ដែលធានាឱ្យបាន ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ ។
សូមរំលឹកថា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្រ្ដីរាជការឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នចំនួន ៣លើក ស្មើនឹង ៥ក្រសួង-ស្ថាប័ន រួមមាន៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣, ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលបីថ្ងៃជាប់គ្នា ថ្ងៃទី៣-៤-៥ ខែមីនា ឆ្នាំ២០២៤ ។
ជាលទ្ធផលមន្រ្តីកសិកម្មឃុំជ្រើសរើសបាន ២៥០នាក់, គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់, អង្គភាពប្រឆាំងអំពើពុករលួយ ៣៣នាក់ មាន ១៣នាក់ ជាស្រ្តី សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ៩៩នាក់ មាន ១៨នាក់ ជាស្ត្រី និងសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥២នាក់ មាន ១៧នាក់ ជាស្រ្តី ៕
អត្ថបទ៖ វណ្ណលុក, វីដេអូ ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ