ខ្សាច់កម្សាន្តថ្មីនៅក្រុងកំពត នឹងបើកទទួលទេសចរក្នុង ឱកាស ចូលឆ្នាំថ្មីខាងមុខ
កំពត៖បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ឧបដ្ឋាន សាលា ក្នុងវត្តយសសុវណ្ណអូរជុំព្រៃទន្លេ នៃស្រុកបន្ទាយមាស កាលពី ថ្ងៃពុធ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាន អញ្ជើញ ពិនិត្យវឌ្ឍនភាពនៃការស្ថាបនា ផ្លូវឆ្នេរខ្សាច់កម្សាន្ត ប្របមាត់ ព្រែក កំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះ សមុទ្រខាង មុខសាលា ខេត្តចាស់។ការដ្ឋានទាំងនេះកំពុង ដំណើរការយ៉ាងមមាញឹក។
ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត រដ្ឋបាល ខេត្តនឹងបើកឱ្យភ្ញៀវទេសចរចូលមកកាន់ឆ្នេរកម្សាន្ត ថ្មី ក្នុង ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបើទោះបីជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់ ក៏ដោយ។នេះជាការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ក្នុង ពេល ចុះពិនិត្យ។
ឯកឧត្តមបន្តថា ឆ្នេរកម្សាន្តមួយនេះ ជាបេះដូងនៃខេត្តកំពត ។ក្រោយស្ថាបនារួចរាល់នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងច្រើនដោយសារតែទីតាំងនេះបង្កលក្ខណៈឱ្យភ្ញៀវអាចមុជទឹកលេងបានយ៉ាងសែនមនោរម្យ។
ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ ពន្លឿនការ ស្ថាបនាផ្លូវឱ្យបានរួច រាល់មុនពេល បុណ្យ ចូលឆ្នាំមកដល់ ។រៀបចំអនាម័យ បរិស្ថានឱ្យបានស្អាតល្អ ។រៀបចំភ្លើងបំភ្លឺ ។ពិសេស សិក្សាដាក់តាំង ភ្លើងពណ៌ដើម្បី លម្អ ពេល យប់ ចាប់ពីគល់ ស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មថ្មី។ចំពោះរូបសំណាកសេះ សមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឱ្យ បាន រួចរាល់នៅមុនពេលចូលឆ្នាំថ្មីដូចគ្នា ៕
ដោយ ÷ សិលា សារិន