តម្លៃប្រេងឆៅស្ទុះឡើងដល់ជិត ៩០ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតខ្ពស់បំផុតក្នុងពេល ៥ខែ
ញូវយ៉ក៖ តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់ថ្មីមួយក្នុងរយៈពេល៥ខែ កាលពីថ្ងៃពុធសប្តាហ៍នេះ ចំពេលមានភាពចលាចលនៅតំបន់មជ្ឈិមបូព៌ាដែលសម្បូរប្រេងឆៅ ហើយអង្គការ OPEC+ អំពាវនាវឱ្យសមាជិករបស់ខ្លួនរក្សាយុទ្ធសាស្ត្រកាត់បន្ថយទិន្នផលប្រេង។
តម្លៃប្រេងឆៅប្រភេទ Brent នៅខែមេសានេះ បានកើនឡើង ០,៤៣សេន ឬ០,៥ភាគរយដល់ ៨៩,៣៥ដុល្លារក្នុងមួយបារ៉ែល និងតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate នៅខែមេសា បានកើនឡើង ០,២៨សេន ឬ០,៣ភាគរយ ដល់ ៨៥,៤៣ដុល្លារក្នុងមួយបារ៉ែល។ ជាមួយគ្នានេះ តម្លៃមាសក៏បានស្ទុះឡើងដល់ចំណុចកំពូលផងដែរ គឺចំនួន ២,២៣០.១៥ដុល្លារក្នុងមួយអោន មុនពេលថមថយតម្លៃបន្តិចវិញ។
តម្លៃលោហៈធាតុដ៏មានតម្លៃនេះ ត្រូវបានជំរុញដោយតំរូវការដ៏ធំ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់។ ទោះបីជាយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងថា ក្នុងឆ្នាំ២០២៤នេះ ទីផ្សារប្រេងពិភពលោកគួរនៅតែមានស្ថិរភាព ដោយសារការផ្គត់ផ្គង់ថ្មី ឆ្លើយតបទៅនឹងតម្រូវការ និងរក្សាតម្លៃឱ្យមានលំនឹង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol ថ្មីៗនេះ បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលក្នុងពិភពលោក នឹងកើនឡើងចំនួន ១,២លាន ទៅ ១,៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤ ដែលជាកំណើនទាបជាងខ្លាំងធៀបនឹងឆ្នាំមុន ដោយសារកំណើនសេដ្ឋកិច្ចថមថយនៅក្នុងប្រទេសចិន និងប្រទេសផ្សេងទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា