ក្រុមហ៊ុនអាកាសចរណ៍តួកគីចំណេញជិត ៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣
អង់ការ៉ា៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ខ្លួនបានបង្កើនប្រាក់ចំណេញប្រតិបត្តិការដល់ជាង ២៤ភាគរយក្នុងឆ្នាំ២០២៣។
ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី មានចំនួន ៣.៩៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ តួលេខនេះធ្លាក់ចុះជិតពីរដង បើធៀបនឹងឆ្នាំ២០២២ ដែលមានជាង ៦ពាន់លានដុល្លារ។ រីឯប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី មានចំនួន ២០.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ១៣.៦ភាគរយ ធៀបនឹងឆ្នាំ២០២២។
ជាមួយគ្នានេះ បញ្ជីប្រាក់បៀវត្សរ៍របស់ក្រុមហ៊ុន ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយបានបន្ថែមបុគ្គលិកថ្មីជាង ១៥,០០០នាក់ នាំឱ្យចំនួនសរុបឈានដល់ ៥៥,៨៨៤នាក់គិតត្រឹមចុងឆ្នាំ២០២៣។
សម្រាប់គម្រោងក្នុងពេលអនាគត ក្រុមហ៊ុនអាកាសចរណ៍តួកគី បានអះអាងថា ខ្លួននឹងបង្កើនជើងហោះហើរទៅកាន់បណ្តាប្រទេសជាច្រើនបន្ថែមទៀតនៅក្នុងខែធ្នូ ស្របពេលដែលខ្លួនបានបញ្ជាទិញយន្តហោះ Airbus ចំនួន ២៣០គ្រឿង ខណៈដែលខ្លួនមានបំណងចង់បង្កើនចំនួនយន្តហោះរបស់ខ្លួនកើនឡើងទ្វេដងនៅក្នុងទសវត្សរ៍ក្រោយ។
ផែនការពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីខាងលើនេះ មានគោលបំណងបង្កើនការប្រកួតប្រជែងក្នុងវិស័យអាកាសចរណ៍សកលលោក ជាមួយនឹងតំបន់អឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា