ប្រែក្លាយសាលាមតេ្តយ្យ និងបឋមទៅជាសាលារៀនបៃតង
ភ្នំពេញ: សាលាមតេ្តយ្យ និងបឋមសិក្សា នៅប្រទេសកម្ពុជា កំពុងកែប្រែមុខមាត់ឲ្យទៅជាសាលារៀនបៃតង ពោលគឺការលាយបញ្ចូលគ្នារវាងថ្នាក់រៀន និងសួនសហគមន៍ ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង និងភ្ជាប់ការសិក្សាជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ក្រសួងអប់រំថា វិធីសាស្ត្រនេះបង្កើនចំណង់សិក្សា ពង្រឹងសាមគ្គី និងបណ្តុះការស្រលាញ់និងគាំពារបរិស្ថាន។
សាលាបឋមសិក្សាសាមគ្គីមានជ័យ ដែលស្ថិតនៅក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ជាឧទាហរណ៍។ សាលានៅជាប់ជាយដែនថៃមួយនេះ បានដឹកនាំសិស្សានុសិស្ស និងប្រជាជនក្នុងសហគមន៍ បង្កើតរោងដំណាំកសិកម្ម និងដាំដើមឈើចម្រុះប្រភេទ ដែលបានផ្លាស់ប្តូរពីសាលារៀនមួយដែលធ្លាប់តែសោះកក្រោះគ្មានសម្រស់ធម្មជាតិ មកជាទីដែលសិស្សចង់ជួបប្រមូលផ្តុំ។
លោកស្រី តាប់ សាវី នាយិកាសាលាបឋមសិក្សាសាមគ្គីមានជ័យ បានប្រាប់ទូរទស្សន៍អប្សរាថា ភាពបៃតងនៃធម្មជាតិ និងសោភ័ណភាពថ្មីនៃសាលារបស់លោកស្រី បានញុំាងឲ្យសិស្សចង់មករៀនជាងមុន។ ជាក់ស្តែងអត្រាអវត្តមានបានថយចុះពាក់កណ្តាល។ លើសពីនេះ សិស្សចេះសហការគ្នាជាងមុន និងស្រលាញ់ធម្មជាតិជុំវិញខ្លួន។
ក្រៅពីសាលាសាមគ្គីមានជ័យ នៅមានសាលាជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសដែលបានប្រែក្លាយទៅជាសាលាសហគមន៍បៃតង។ តួយ៉ាង សាលារៀនស្វា យជ្រុំ នៅខេត្តស្វាយរៀង សាលាសម្តេច ជា ស៊ីម នៅខេត្តបាត់ដំបង សាលាក្រវ៉ាន់ នៅខេត្តសៀមរាប និងសាលាសំរោង នៅខេត្តឧត្តរមានជ័យជាដើម។ សាលាទាំងនេះបានជាប់ចំណាត់ថ្នាក់ជាសាលារៀនគំរូក្នុងចំណោមសាលាគំរូទាំង១០ប្រចាំឆ្នាំ២០២៣។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ទូរទស្សន៍អប្សរាថា ក្រៅពីគុណភាព បរិយាកាសដែលអំណោយផលដល់ការសិក្សាជារឿងសំខាន់។
លោកជំទាវ បានបញ្ជាក់ថា៖«នេះ ជាផ្នែកមួយដែលផ្តើមចេញពីការផ្តួចផ្តើមរបស់សាលាក្នុងការសហការជាមួយសហគមន៍ ដៃគូ ក៏ដូចជាវិស័យឯកជននានា ដើម្បីធ្វើការអភិវឌ្ឍសាលា។ នេះ គឺជាផ្នែកមួយដែលយើងបានបញ្ជាក់នៅក្នុងស្តង់ដាសាលារៀនគំរូ ដែលក្នុងនោះ ជំរុញ ឱ្យសាលារៀន សហការជាមួយដៃគូ នាំជាប្រយោជន៍មកដល់សាលារៀន»។
គួរសម្គាល់ថា នៅកម្ពុជា ប្រព័ន្ធអប់រំបឋមសិក្សាសាធារណៈប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដែលរួមមានថ្នាក់រៀនចង្អៀត ធនធានមានកម្រិត និងគ្រូបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ដែលបានជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកសាលាឯកជនកើនឡើងក្នុងចំណោមអាណាព្យាបាលដែលមានលទ្ធភាព។ ចំណែកអ្នកខ្សត់ធននៅបន្តប្រជែងជាមួយនឹងកង្វះខាតនៅតាមសាលារដ្ឋមួយចំនួន ដែលបង្កើនវិសមភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូប។ ដោយបែបនេះហើយ នៅឆ្នាំ២០២៣ ក្រសួងអប់រំ បានដាក់ឱ្យអនុវត្តស្តង់ដារសាលាមត្តេយ្យ និងបឋមសិក្សាគំរូ ដែលផ្តោតលើការពង្រឹងលទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀន ប្រតិបត្តិការ និងគណនេយ្យភាពរបស់សាលា និងការចូលរួមរបស់សហគមន៍។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វ៉េស្ទឡាញន៍ បាននិយាយថា គំនិតផ្តួចផ្តើមសាលាបៃតង កំពុងតែទាក់ទាញសាលាឯកជនឱ្យអនុវត្តតាម ដូចជា ការកែប្រែសាលាទៅជាបៃតង និងការបណ្តុះបណ្តាញអំពីបំណិនជីវិតទៅដល់សិស្សានុសិស្ស៕
ដោយៈឡុង គីមម៉ារីតា