ជាង ៦០ឆ្នាំក្រោយដំណើរការ ព្រលានយន្តហោះពោធិ៍ចិនតុងត្រៀមបិទទ្វារ

ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគេស្គាល់ឬហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទទ្វារទាំងស្រុង នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើកដំណើរការជាផ្លូវការនៅឆ្នាំក្រោយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា នៅក្នុងកិច្ចព្រមព្រៀងសម្បទាន តំបន់មួយមិនអាចមានអាកាសយានដ្ឋានពីរនោះទេ ហើយលោកមិនអាចបញ្ជាក់បានទេថា ព្រលាននេះនឹងក្លាយទៅជាអ្វីបន្ទាប់ពីការបិទទ្វារ។

«អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងត្រូវបិទហើយ រដ្ឋាភិបាលយកទៅធ្វើទៀតនោះ គឺអាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាល»។

អ្នកនាំពាក្យរដ្ឋាភិបាល ឯកឧត្តម ប៉ែន ប៉ូណា ប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានអំពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានបច្ចុប្បន្ននេះនៅឡើយទេ។
មានការយល់ឃើញខុសគ្នាពីអនាគតនៃព្រលានពោធិ៍ចិនតុងដែលស្ថិតលើទំហំដី ៤០០ហិកតា និងជាសម្បត្តិរដ្ឋ។

លោក សំ សុខនឿន អគ្គនាយក Sam Sn Realty Co.,Ltd ជំនាញអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ចង់ឃើញការអភិវឌ្ឍព្រលាននេះទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប។
«ក្នុងករណីដែលទីតាំងនេះ ត្រូវបានយកមកអភិវឌ្ឍ ខ្ញុំគិតថា នឹងក្លាយជាទីតាំងមួយដ៏ធំ ទំនើប និងស៊ីវិល័យ ព្រោះផ្ទៃដីនេះធំខ្លាំង នឹងអាចធ្វើជាកន្លែងស្នាក់នៅរាប់ម៉ឺនផ្ទះ ហើយក៏ជាកន្លែងតំបន់ពាណិជ្ជកម្មផងដែរ ដែលក្លាយជាតំបន់មួយយ៉ាងវិសេសវិសាលបំផុត»។

ដោយឡែកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទីតាំងព្រលានចាស់នេះគួរអភិវឌ្ឍទៅជាតំបន់ទេសចរណ៍សុខភាពឬ សារមន្ទីរជាតិវិញ។

«ខ្ញុំឃើញនៅឥណ្ឌាក្តី ចិនក្តី សារមន្ទីរជាតិគេធំៗណាស់ ហើយយើងក៏មានផលិតផលផលិតនៅកម្ពុជាយើងទាំងនៅសម័យមុនអង្គរ ហើយសម័យទំនើបបច្ចុប្បន្ននេះ ក៏មានច្រើនដែរ មានសារមន្ទីរជាតិរស់រវើកក៏បង្កើតការងារច្រើនសម្រាប់សិល្បៈករ ហើយទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក៏ចំណាយពេលច្រើនក្នុងការទស្សនា ដែលជាសក្តានុពលធំណាស់សម្រាប់កម្ពុជា»។

យោងតាមឯកសារស្រាវជ្រាវ អាកាសយានដ្ឋានពោធិ៍ចិនតុង ជាព្រលានយន្តហោះដំបូងគេនៅកម្ពុជា ដែលបានសាងសង់នៅឆ្នាំ ១៩៥៧ និងបើកដំណើរការនៅឆ្នាំ ១៩៥៩ ក្រោមការគ្រប់គ្រងនិងវិនិយោគដោយក្រុមហ៊ុនបារាំង។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅខែ មករា ឆ្នាំ ២០០៣។

របាយការណ៍អាកាសចរណ៍ស៊ីវិល បង្ហាញថា នៅក្នុងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានជើងហោះហើរបានជិត៩ ០០០ជើង កើនឡើងជាង៣១ភាគរយនិងមានអ្នក ដំណើរចំនួនជាង១លាន៥សែននាក់ កើនឡើងជាង១០០ភាគធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ៕
ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner