បារី menthol បន្តសម្លាប់មនុស្ស នៅអាមេរិក

អាមេរិក៖ ការពន្យារពេលហាមប្រាមការជក់បារី menthol របស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យបាត់បង់ជីវិតមនុស្ស ជាបន្តបន្ទាប់ ជាពិសេស នៅក្នុងសហគមន៍ស្បែកខ្មៅ នេះបើតាមអង្គការសង្គមស៊ីវិល ឬ NGO។

បារី menthol ឬ បារីដើមតូច មានផ្ទុកសារជាតិ Menthol នាំឲ្យមានក្លិនឈ្ងុយ កំពុងធ្វើឱ្យមានការស្លាប់ និងកើតជំងឺកាន់តែច្រើន នៅក្នុងសហគមន៍ទាំងមូលរបស់អាមេរិក ជាពិសេស នៅក្នុងសហគមន៍ខ្មៅ។

ដោយសារតែទីផ្សារពេញនិយម ក្នុងសតវត្សរ៍ទី២០នេះ អ្នកជក់បារីជនជាតិអាមេរិកកាត់អាហ្រ្វិក ៨នាក់ ក្នុងចំណោម ១០នាក់ បានសេពបារី menthol ហើយក្នុងចំណោមជនអាមេរិកស្បែកស ១០នាក់ មាន៣នាក់ បានជក់បារី menthol នេះ។

រដ្ឋបាលចំណីអាហារ និងឱសថ របស់អាមេរិក ហៅកាត់ FDA ក្នុងឆ្នាំ២០២២ ធ្លាប់បានចេញផ្សាយសេចក្តីព្រាងផែនការសម្រាប់ការបញ្ឈប់ការផលិត និងលក់បារី menthol នេះ។ ក៏ប៉ុន្តែ រដ្ឋបាលរបស់លោក Joe Biden មិនទាន់បើកភ្លើងខៀវ ឲ្យដាក់ចេញជាផ្លូវការ នូវច្បាប់សហព័ន្ធស្តីពីបំរាមហាមឃាត់ការសេពបារី menthol នៅឡើយទេ។ ច្បាប់នេះធ្លាប់បានព្រាងបញ្ចប់ កាលពីឆ្នាំមុនដែរ តែក៏ត្រូវបានផ្អាកវិញ រហូតមកដល់ដើមឆ្នាំ២០២៤នេះ។

លោកស្រី Yolonda Richardson ប្រធានយុទ្ធនាការសម្រាប់កុមារគ្មានថ្នាំជក់ ឬ Tobacco-Free Kids បានជំរុញថា «វាដល់ពេលហើយ សម្រាប់រដ្ឋបាល Biden ធ្វើសកម្មភាព»។

បារី menthol បានសម្លាប់ជនជាតិអាមេរិកប្រហែល ៤ម៉ឺននាក់ ចាប់តាំងឆ្នាំ២០២០ នេះបើតាមអង្គការ «ក្រុមប្រឹក្សាអ្នកដឹកនាំគ្រប់គ្រងថ្នាំជក់អាហ្រ្វិកអាមេរិក»។ ការសិក្សាបានរកឃើញថា បារី menthol នាំឲ្យមនុស្សប្រឈមនឹងជំងឺមហារីកសួត ធ្ងន់ធ្ងរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner