ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ កម្ពុជា បន្តគោលនយោបាយចាស់ រក្សាមិត្តភាព ភាព ជា អ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគោលនយោបាយចាស់ដដែលគឺ រក្សាមិត្តភាព ភាពជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ ។ វិនិយោគិនវៀតណាម គឺជាអ្នកវិនិយោគដែលគួរទុកឱ្យចិត្ត ហើយការវិនិយោគកន្លងមកបានផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងវៀតណាម ជាពិសេសផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណៈទទួលជួបសំដែងការគួរសមជាមួយតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ជម្រាបថា្នក់ដឹកនាំក្រសួងអំពីសាវតា ទិសដៅ និងសកម្មភាពការងារ និងដំណើរការប្រព្រឹត្តទៅរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងបានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគវៀតណាម ក្នុងការមកវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងអំពីភាពខុសគ្នានៃគោលនយោបាយសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកាលពីអតីតកាល និងបច្ចុប្បន្ន ដែលកាលពីមុនយើងផ្ដោតទៅលើតែទឹក ភ្លើង ផ្លូវ ប៉ុន្តែបច្ចុប្បន្នយើងរួមបញ្ចូលការនាំចេញនៅនឹងកន្លែង និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ហើយកម្ពុជាបាននិងកំពុងរៀបចំការអភិវឌ្ឍសម្បទានដីសង្គមកិច្ចឱ្យក្លាយទៅជាបុរីជនបទ ដែលមានសាលារៀន មន្ទីរពេទ្យ មានការដាំដុះដំណាំ និងចិញ្ចឹមសត្វជាដើម។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នឹងផ្ដោតទៅលើការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។

គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៧ លានបណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅសល់ប្រមាណជា ៥ លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីឱ្យចប់ជាស្ថាពរនៅអំឡុង ២ ឆ្នាំខាងមុខនេះ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner