រាជពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

សៀមរាប៖ ក្រោមគំនិតផ្តួចផ្តើម ពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ   គណៈមហានិកាយ, ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក, សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា សម្តេចព្រះចៅអធិការវត្តរាជបូណ៌ ដោយមានព្រះវត្តមាន និងវត្តមាននិមន្ត និងអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈ ព្រះគ្រូចៅអធិការវត្តមួយចំនួន រដ្ឋបាលខេត្ត អាជ្ញាធរខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានមកជួបជុំគ្នាក្នុងបរិវេណវត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរំលឹកនូវគុណូបការៈគុណដល់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកនិងវចនានុក្រមខ្មែរ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តថ្លែងថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ពិតជាព្រះមហាវីរបុព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថាជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។ លោក អភិបាលរងខេត្តបន្តថា ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម និងប្រជារាស្រ្តខ្មែរបាន ព្រះរាជទាន និងផ្ដល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហត្ថជាច្រើនរួមមាន៖ វចនានុក្រមភាសាខ្មែរ, ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា, បទគោរពទង់ព្រះពុទ្ធសាសនា, បទសរភញ្ញជាដើម ដែលជាកេរ្តិ៍មរតកដ៏ថ្លៃថ្លាបំផុត សម្រាប់ឱ្យយើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ បានស្ដាប់លឺ បានសិក្សាឈ្វេងយល់ ជារៀងរាល់ថ្ងៃរហូតដល់ពេលបច្ចុប្បន្ននេះ។
ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា មានប្រសាសន៍ថា ពិធីបុណ្យរម្លឹកគុណូបការៈនេះមានអត្ថន័យជ្រាលជ្រៅនិងជាគុណប្រយោជន៍សម្រាប់ពុទ្ធបរិស័ទនិងកូនខ្មែរយើងទាំងអស់គ្នាៗត្រូវតែចងចាំនិងប្រតិបត្តិតាមគន្លងមាគ៌ានៃបុព្វបុរសខ្មែរ ជាពិសេស ព្រះកិត្តិនាមនិងស្នាដៃរបស់ព្រះអង្គស្ថិតនៅដក់ជាប់ជានិច្ចក្នុងបេះដូងកូនចៅជាប្រជាពលរដ្ឋកម្ពុជាជារៀងរហូត ព្រោះថាពេញមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យ សង្គមកិច្ច និងវិស័យសិក្សាធិការ។ល។សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។

បើតាមថេរដិកា ព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង អាភាករោ ព្រះមេគណខេត្តថា បុព្វហេតុដែលនាំឱ្យកើតមានទិវាបុណ្យរំលឹកឧបការៈគុណនេះឡើង គឺដោយសារព្រះតម្រិះ របស់សម្តេចព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលជានិច្ចកាលព្រះអង្គតែងតែនឹករលឹកចំពោះគុណូបការៈរបស់សម្តេចសង្ឃរាជ ដែលជាបុគ្គលមួយរូបប្រៀបបានទៅនឹងផ្កាឈូកដែលដុះចេញពីភក់តែមិនធុំក្លិនភក់ មានតែក្លិនក្រអូបតែម្យ៉ាងប៉ុណ្ណោះ ។ព្រះមេគណខេត្ត មានសង្ឃដីកាបន្ថែមថា៖ព្រះគុណសម្បត្តិនៃសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត មានច្រើនយ៉ាងណាស់ព្រះអង្គមានការព្យាយាមខ្លាំង មានភាពវាងវៃខ្លាំងមានភាពអង់អាចខ្លាំងមានភាពឈ្លាសវៃក្នុងធម្មទេសនាដ៍ក្រៃលែងមានសកម្មភាពដ៍ប្រសើរខ្លាំងណាស់។ក្រៅពីភាសាខ្មែរដែលសម្តេចទ្រង់បានស្រាវជ្រាវ សម្តេចបានសិក្សាភាសាបាលីអាចអាននិងសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់មាន លង្កា ភូមា សៀម លាវ ឥតមានទើសទាក់ភ្លាំងភ្លាត់ឡើយ។លើសពីនេះព្រះអង្គបានកសាងគម្ពីរដិកាជាច្រើនទាំងគម្ពីរស្លឹករិតទាំងសៀវភៅផង។ជាពិសេសសៀវភៅដែលសម្តេចប្រមូលចងក្រងរៀបរៀងនិងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរសម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។

ព្រះរាជជីវប្រវត្តិសង្ខេបនៃសម្តេចព្រះមហាសុមេធាធិបតីជួនណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍១១រោជខែផល្គុនឆ្នាំវកព .ស២៤២៧ត្រូវនឹងថ្ងៃ១១ខែមីនាឆ្នាំ១៨៨៣នៅភូមិកំរៀងសង្កាត់រការកោះស្រុកគងពិសីខេត្តកំពង់ស្ពឺ បានបួសជាសាមណេរក្នុងអាយុ១៤ឆ្នាំ។លុះព្រះជន្មគម្រប់២១ព្រះវស្សាទ្រង់ឧបសម្បទាជាភិក្ខុ។ព្រះអង្គទ្រង់សោយទីវង្គតនៅថ្ងៃព្រហស្បតិ៍១៤កើតខែភទ្របទត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ១៩៦៩ក្នុងជន្មាយុ៨៦ព្រះវស្សាក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕
ដោយ :ស៊ាន សុផាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner