រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយ នឹងត្រូវផ្តល់ជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

ភ្នំពេញ៖ ខណៈចុះពិនិត្យការផ្តល់សេវាសាធារណៈ នៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជា ឱ្យបានច្បាស់លាស់ ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន ។

ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ប៉ុន្តែស្នើសុំឱ្យស្នើសុំយក QR Code ពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថានៅកម្ពុជាអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២០០០ ហើយអ្នកសារព័ត៌មានមានប្រមាណជិត ១ម៉ឺននាក់ ហើយគិតត្រឹមដំណាច់ខែមីនា មានអ្នកសារព័ត៌មានប្រមាណជាង ៥០០០ នាក់ដែលបានដាក់ពាក្យសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានពីក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្រសួងព័ត៌មាននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពន្លឿនការចេញបណ្ណសម្គាល់អត្តសញ្ញាណ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាជូនបងប្អូនអ្នកសារព័ត៌មាន ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner