មន្ទីរសុខាភិបាលខេត្តស្វាយរៀងត្រូវបានជំរុញបន្ថែមលើការថែទាំសុខភាពបឋម

ស្វាយរៀង៖ បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានជំរុញបន្ថែមដល់មន្ទីរសុខាភិបាលខេត្តនិងមន្ត្រីសុខាភិបាលទាំងអស់សហការគ្នាយកចិត្តទុកដាក់លើការថែទាំសុខភាពបឋម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរឡើង។

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីការអនុវត្ត ការជំរុញបង្កើនការថែទាំសុខភាពបឋម នៅសាលប្រជុំសាលាខេត្តស្វាយរៀងកាលពីថ្ងៃព្រហស្បតិ៍ លោកអភិបាលរងបានបន្តទៀតថា លោកបន្តថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់សម្រាប់ជាធាតុចូលមួយក្នុងការបញ្ជ្រាប សកម្មភាពការផ្តល់សេវាថែទាំសុខភាពបឋម ចូលក្នុងផែនការវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ សង្កាត់ ដោយផ្អែកលើផែនការយុទ្ធ សាស្ត្រសុខាភិបាល ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចេរភាពនិងស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

លោកបណ្ឌិត បន្ថែមថា ដើម្បីអនុវត្តការងារនេះមានប្រសិទ្ធភាព សូមស្នើដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្ត ខិតខំចូលរួមរៀនសូត្របង្កើនសមត្ថភាព។

ក្នុងឳកាសនេះលោកបណ្ឌិតតូច ប៉ូលីវ៉ា បានកោតសរសើរខ្ពស់ ចំពោះ ថ្នាក់ដឹកនាំនិងក្រុមការងារជំនាញ មន្ទីរពាក់ពន្ធ័ អាជ្ញាធរគ្រប់លំដាល់ថ្នាក់ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ចំណេះដឹង និងឆន្ទៈ ចូលរួមចំណែកយ៉ាងសកម្ម ខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ និងសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរឲ្យកត់សម្គាល់ ទាំងការចូលរួមបំពេញបេសកកម្មការងារសង្គ្រោះ និងព្យាបាល ការងារសង្គម និងមនុស្សធម៌ផ្សេងៗ នៅក្នុងខេត្តស្វាយរៀង។ចំពោះសមិទ្ធិផលដែលខេត្តស្វាយរៀងទទួលបានទាំងការបម្រើសេវាសុខភាព ជាពិសេសការផ្តល់សេវាថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅតាមសហគមន៍នៅក្នុងខេត្ត ស្វាយរៀង ៕
ដោយ: នុត នាង

ads banner