សន្និសីទកាសែតរួម៖ អង្គការលើកលែងទោសអន្តរជាតិកុហក និងបោកប្រាស់ ទាក់ទងទៅនឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ:ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា បានលើកឡើងថា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ពិតជាបានកុហក និងបោកប្រាស់មតិជាតិ និងអន្តរជាតិ ទាក់ទងទៅនឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ។នេះគឺជាការរៀបចំនូវរបាយការណ៍មួយឡើងជាមួយ នឹងគោលគំនិតបែបទុច្ចរិតរបស់អង្គការមួយនេះមកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកស្រាវជ្រាវចងក្រង និងបោះពុម្ពជាសៀវភៅដែល មានចំណងជើងថា «ការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ» ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា គឺជាអ្នកស្រាវជ្រាវដែលមានបទពិសោធន៍យូរអង្វែង ដែលឯកឧត្តមបានធ្វើការស្រាវជ្រាវទាក់ទងទៅ នឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋ ដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចការងារមួយឆ្លើយតបទៅនឹងអ្វីដែលអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) បានចេញរបាយការណ៍កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

ចំណែកឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា បានថ្លែងថា ក្នុងអំឡុងពេល ៤៥ឆ្នាំកន្លង មកនេះត្រូវបានរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិមួយចំនួនអនុវត្តនូវគោលនយោបាយដែលមានស្តង់ដារពីរមកលើប្រទេសកម្ពុជា ។លោកបន្តថា អំពើអយុត្តិធម៌បែបនេះបានធ្វើឱ្យលោកសុខចិត្តឈរនៅខាងរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលពួកគេបានព្យាយាមថ្កោលទោសកម្ពុជា តែបែរជាបិទភ្នែកធ្វើជាមើលមិន ឃើញនូវអ្វីដែលបានកើតមានឡើងនៅប្រទេសដទៃទៀតជាច្រើន។

ឯកឧត្តមបានឱ្យដឹងទៀតថា៖ «យើងមិនអាចគាំទ្រនូវការដាក់ទណ្ឌកម្មដែលមានចរិតបំពាននូវគោលការណ៍ជាសកលបានទេ ដែលការដាក់ទណ្ឌកម្មនេះមកលើប្រទេសមួយ តែបែរជាមិនដាក់ដូចគ្នាទៅលើប្រទេសផ្សេងទៀត»។

ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជាលោកមានកាតព្វកិច្ចនៅក្នុងការស្រាយបំភ្លឺចំពោះព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់មកលើ កម្ពុជា ដែលបច្ចុប្បន្ន លោកក៏បានក្លាយជាពលរដ្ឋមួយរូបរបស់កម្ពុជាទៅហើយ។ លោកក៏ចង់ស្រាយបំភ្លឺទៅកាន់អ្នកនិពន្ធទាំងឡាយដែលកំពុងតែអនុវត្តគោលនយោបាយបែបស្តង់ដារពីរក្នុងនោះរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ក៏មានស្តង់ដារពីរដែរសម្រាប់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលនរណាៗក៏សុទ្ធតែបានដឹងមកហើយថា អង្គការមួយនេះតែងតែនិយាយថា ជាអង្គការការពារសិទ្ធិមនុស្ស តែធាតុពិតវាមិនដូច្នោះទេ។

ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា បានថ្លែងនូវការការពារចំពោះគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាថា សមស្របដែលបានធ្វើការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យទៅរស់នៅលើទីតាំងថ្មីគឺនៅតំបន់រុនតាឯក និងនៅតំបន់ពាក់ស្នែង ដែលតំបន់ទាំងពីរនេះត្រូវបានរាជរដ្ឋាភិបាលធ្វើឱ្យរៀបរយ និងកំពុងតែមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីផ្តល់ជូនពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅទីនេះប្រកបដោយការពេញចិត្ត និងភាពកក់ក្តៅបំផុត៕
ដោយ ៈង៉ាន់ ទិត្យ
រូបភាពៈរិន រចនា