ក្លិបអ្នកកាសែតកម្ពុជា បន្តវគ្គបណ្ដុះបណ្ដាលពិសេសដល់អ្នកកាសែត ពីគន្លឹះនៃការសរសេរព័ត៌មាន និងផ្សព្វផ្សាយឱ្យចំគោលដៅ
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពិសេសស្ដីពី គន្លឹះក្នុងការសរសេរព័ត៌មាន និងការផ្សព្វផ្សាយឳ្យចំគោលដៅ វគ្គ២ រយៈពេល ពីរថ្ងៃ គឺថ្ងៃទី៥,៦ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានផាសុកភាព ទំនើប និងស្រស់ឆើតឆាយ ។ក្នុងនោះមានសិក្ខាកាមចូលរួមប្រមាណ ៨០នាក់ មកពីស្ថាប័នសារព័ត៌មាន និងស្ថាប័នរដ្ឋផងដែរ ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាគ្រូឧទ្ទេសនាម បានមានប្រសាសន៍ថា ដោយសម្លឹងឃើញអំពីភាពចាំបាច់សម្រាប់ការវិវត្តប្រព័ន្ធព័ត៌មានបែបសម័យកាល និងវិជ្ជាជីវៈ និងតាមបណ្តាញសង្គមនៃប្រព័ន្ធឌីជីថលទំនើប (Social Media Digital Online) ទើបក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា ក.អ.ក បានបើកវគ្គបណ្តុះបណ្តាលពិសេសនេះ ។លោកថា វាពិតជាមានសារៈ សំខាន់ សម្រាប់អ្នកសារព័ត៌មានទូទៅ និងអ្នកដែលចង់ក្លាយជាអ្នកសរសេរព័ត៌មាន ។
លោក ពុយ គា បានធ្វើការពន្យល់ និងណែនាំពីរបៀបសរសេរព័ត៌មានបែបវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ តាមរយៈការរកប្រភពព័ត៌មានច្បាស់លាស់, ការរក្សាប្រភពព័ត៌មាន, ការសរសេកណ្ដាលដោយមិនលម្អៀង, ត្រូវគិតជានិច្ចថា អ្នកអាន អ្នកស្តាប់ និងអ្នកមើល គេដឹង ,យល់ និងបានប្រយោជន៍អ្វីពីអត្ថបទ និងការផ្សាយរបស់យើង, មិនមែនសរសេរ ឬផ្សាយដើម្បីផ្គាប់ចិត្តខ្លួនឯងទេ, ប្រើប្រាស់សម្រង់សម្តីដើម (Quote), មិនប្រើ (Quote) ច្រើនពេក ឬដាក់គរតម្រៀបគ្នា, ប្រមូលព័ត៌មានច្រើនជាអតិបរមា, មិនប្រើពាក្យពិបាកៗ (Jargon) ហើយមុននឹងសរសេរព័ត៌មាន ត្រូវគិតជាមុនថា សរសេរឳ្យអ្នកណាអាន និងគិតប្រធានបទជាមុន ។
លោកប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានរៀបរាប់ពីបទសោធន៍នៃការផលិតព័ត៌មាន តាំងពីឆ្នាំ១៩៩៤ ។ពិសេសឆ្លើយតបនឹងការចាប់រម្មណ៍របស់សិក្ខាកាម ក្នុងបទពិសោធន៍ចុះយកព័ត៌មានពីមេដឹកនាំខ្មែរក្រហម ផងដែរ ៕
ដោយៈ វណ្ណលុក