ឯកឧត្តម ហ៊ុន ម៉ានី ជំរុញវិស័យឯកជនឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញវិស័យឯកជន ឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ឱ្យសមស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិកាកម្ពុជា ៤.០ លើកទី០២ ស្ដីពី «សន្តិសុខសាយប័រ» នៅសាកលវិទ្យាល័យខេមតិច នារសៀលថ្ងៃទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងប្អូនៗយុវជនជាច្រើនទៀត ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វេទិកានានេះ គឺជាការយកចិត្តទុកដាក់ ចូលរួមជំរុញ បំផុស ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងគន្លឹះការពារខ្លួនពីការវាយប្រហារ ដល់សាធារណជន ក៏ដូចជាស្ថាប័នរដ្ឋាភិបាល និងឯកជននៅកម្ពុជា ពិសេសយុវជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា និងការបន្សាំជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០ ។
ក្នុងឱកាសនេះ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបច្ចេកវិទ្យាជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជំរុញការកសាងមូលធនមនុស្ស និងលើកកម្ពស់ឌីជីថលភាវូបនីយកម្ម ឯកឧត្តម បានជំរុញភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករជាក់ស្ដែង បង្កើនការយកចិត្តទុកដាក់ និងធ្វើការរួមគ្នាតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីវិធីសាស្ត្រក្នុងការការពារខ្លួនតាមប្រព័ន្ធអ៉ីនធឺណេត និងជំរុញវិស័យឯកជនឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រនៅក្នុងស្ថាប័នខ្លួន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជំនាញផ្នែកសន្តិសុខសាយប័រឱ្យសមស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។
សូមជម្រាបថា វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រុមហ៊ុន Ezecom និងសាកលវិទ្យាល័យខេមតិច រួមទាំងនិស្សិតសរុបប្រមាណ ៤០០នាក់ ៕
ដោយ ៖ វណ្ណលុក
ប្រភព ៖ ស.ស.យ.ក