អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលទាំងស្រុងការចំពោះការចោទប្រកាន់ទាំងបំពានរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលបានចុះផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ឈ្មោះ គឹម ថាយមុនី ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ និងឈ្មោះ ដាង ប៊ុនហាក់ អតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ ពីបទក្លែងបន្លំឯកសារសាធារណៈ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឱ្យចូលខ្លួនចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយលោក សៀង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទាក់ទងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីការឃាត់ជនសង្ស័យចំនួន២នាក់ ទី១. ឈ្មោះ ដាង ប៊ុនហាក់ ភេទប្រុស អាយុ ៥២ឆ្នាំ អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងទី២.ឈ្មោះ គឹម ថាយមុន្នី ភេទប្រុស អាយុ៦០ឆ្នាំ ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដូចតទៅ៖
នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច ភេទស្រី អាយុ ៥៦ឆ្នាំ និងឈ្មោះ ទូច សំអុល ភេទប្រុស អាយុ ៦៨ឆ្នាំ ដែលបាន ប្តឹងឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី ពីបទក្លែងបន្លំឯកសារសារធារណៈ (ចុះឈ្មោះចូលបញ្ជីរាយ នាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពាក់ព័ន្ធរឿងក្លែងបន្លំឯកសារសារធារណៈ និងបានរាយការណ៍សុំគោលការណ៍ ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ២២០-២២១ អ.យ.ន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ ហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ (ឈ្មោះ ដាង ប៊ុនហាក់ និងឈ្មោះ គឹម ថាយមុន្នី)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះគឺសមត្ថកិច្ចអនុវត្ត តាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គំរាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ៕
ដោយ៖ពលជ័យ

ads banner