ក្រសួងអធិការកិច្ច រៀបចំពិធីចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះក្រសួងអធិការកិច្ច បានរៀបចំពិធីចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រោះព្រំថ្វាយព្រះពរជ័យ លើករាសី និងអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ ទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ ចំនួន ៥អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមជួយប្រោះព្រំពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងអធិការកិច្ចទាំងអស់ ក្នុងស្មារតីមហាសាមគ្គី គ្រួសារក្រសួងអធិការកិច្ច សរុបចំនួន ៣៧៥នាក់។

ក្នុងឱកាសនោះដែរ ក៍មានការសម្តែងនូវរបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីជាកិច្ចបណេ្ដញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី ជូនដល់ឯកឧត្តរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងអធិការកិច្ច ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី បានជូនអំណោយជាអនុស្សាវរីយ៍ដល់មន្ត្រីរាជការជានិវត្តជន ទីប្រឹក្សា និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ៦៣រូប។ ជាមួយគ្នានោះ ឯកឧត្តម លោកជំទាវជា ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួងអធិការកិច្ច និងមន្ទីររាជធានី ខេត្ត បានគោរពជូនកន្ត្រកផ្កាក្នុងឱកាសឆ្នាំថ្មី សិរីសួស្តី បវរមហាប្រសើរ គោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវផងដែរ ។

ក្រោយពីបញ្ចប់ពិធីសាសនា និងការសម្តែងរបាំ ក៏មានរៀបចំពិធីពិសាអាហារសាមគ្គី រវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រសួងអធិការកិច្ចទាំងអស់ ក្រោមបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងសុខដុមរមនា ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner