បាក់ទំនប់វារីអគ្គសនីនៅរុស្ស៊ី ជម្លៀសមនុស្សរាប់ពាន់នាក់
មូស្គូ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ បាននិយាយថា ខ្លួនបានជម្លៀសមនុស្សជិត ៤៥០០នាក់ ទៅរកទីទួលមានសុវត្ថិភាព ពីក្នុងតំបន់ Orenburg ដោយសារតែទឹកជំនន់ ក្រោយហេតុការណ៍ បាក់ទំនប់វារីអគ្គិសនី មួយកន្លែង។
សេវាសង្គ្រោះបន្ទាន់បានដំណើរការពេញមួយយប់ ដោយគេដឹងថា ទំនប់មួយនេះ មានទីតាំងជិតព្រំដែន ជាមួយប្រទេសកាហ្សាក់ស្ថាន។
អាជ្ញាធរ Orenburg បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសសរុប មានកុមារ ជាង១០០០នាក់ ហើយ ផ្ទះជាង៦០០០កន្លែង បានរងផលប៉ះពាល់ដោយទឹកជំនន់ ជាមួយនឹងការធ្លាក់ភ្លៀងខ្លាំង ទៀតផង។ អាជ្ញាធរបាននិយាយថា ស្ថានភាពលំបាកបែបនេះ បានព្រមានពីកម្រិតទឹកដ៏គ្រោះថ្នាក់ នៅលើទន្លេ ក្នុងតំបន់ភ្នំ Ural ។
ទំនប់មួយនេះ ត្រូវបានសាងសង់ ក្នុងឆ្នាំ២០១៤។ ក្រោយហេតុការណ៍នេះ អាជ្ញាធរបានបើកសំណុំរឿងព្រហ្មទណ្ឌ ពីបទ «ការធ្វេសប្រហែស និងការរំលោភលើច្បាប់សុវត្ថិភាពសំណង់»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត