សិទ្ធិមនុស្ស UN ឲ្យឈប់លក់អាវុធ ដល់អ៊ីស្រាអែល

បរទេស៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ហៅកាត់ UN បានទាមទារឱ្យបញ្ឈប់ការលក់សព្វាវុធទាំងអស់ ដល់ប្រទេសអ៊ីស្រាអែល ដោយគេដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមនេះបង្ហាញជំហរ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ នៅហ្គាហ្សា។

ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបោះឆ្នោតទាមទារបែបនេះ កាលពីថ្ងៃសៅរ៍ នៅទីស្នាក់ការទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងចំណោមរដ្ឋជាសមាជិកសរុប ទាំង៤៧ មាន២៨រដ្ឋបានគាំទ្រ ខណៈ៦រដ្ឋ បានជំទាស់ ហើយ មាន១៣រដ្ឋ អនុប្បវាទ។ ពួកគេក៏បានព្រមានអំពី «អំពើប្រល័យពូជសាសន៍» នៅហ្គាហ្សា ចេះតែបន្តកើនឡើង ខណៈដែលចំនួនមនុស្សស្លាប់ បានឈានដល់ ចំនួនជាង ៣៣០០០នាក់ហើយ។

នេះគឺលើកទីមួយហើយ ដែលស្ថាប័នសិទ្ធិមនុស្សកំពូល របស់អង្គការសហប្រជាជាតិ បានបង្ហាញជំហរ ទាក់ទងនឹងសង្រ្គាមបង្ហូរឈាម ដែលបានអូសបន្លាយជាង ៥ខែមកហើយ មួយនេះ។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បានបរិហារដំណោះស្រាយនេះ ដោយអះអាងថា វាគឺជា «ស្នាមប្រឡាក់ សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសម្រាប់អង្គការសហប្រជាជាតិ ទាំងមូល»។

ប៉ុន្តែ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនបានប្រាប់ថា «យើងត្រូវការឱ្យអ្នកទាំងអស់គ្នាក្រោកឡើង ហើយបញ្ឈប់អំពើប្រល័យពូជសាសន៍នេះ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner