ថៃហាមផឹកគ្រឿងស្រវឹង នៅកន្លែងរៀបចំបុណ្យចូលឆ្នាំថ្មី
បាងកក ៖ គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងរបស់ថៃបាននិយាយថា ការហាមប្រាមគ្រឿងស្រវឹងទាំងស្រុង នឹងត្រូវអនុវត្ត នៅគ្រប់ទីកន្លែង រៀបចំបុណ្យ «ចូលឆ្នាំថ្មី» ឬ គេហៅថា «សង្ក្រាន្តថៃ» នោះ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Cholnan Srikaew បានថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការមួយនេះ កាលពីពេលកន្លងទៅថា «គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង» បែបនេះ ត្រូវបានស្នើឡើងដោយនាយកដ្ឋានគ្រប់គ្រងជំងឺ និងស្ថាប័នពាក់ព័ន្ធទាំងអស់។
បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹង ការហាមប្រាមគ្រឿងស្រវឹងនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីធានាថា អនីតិជន ឬ ជនមិនទាន់គ្រប់អាយុ មិនសេពគ្រឿងស្រវឹង ហើយការលក់ស្រា ក៏ត្រូវកំណត់ម៉ោង ផងដែរ។ បើហ៊ានល្មើស អាចប្រឈមនឹងការចាប់ខ្លួន ខណៈប៉ុស្តិ៍នគរបាល គ្រោងនឹងត្រូវដាក់ពង្រាយ។
របាយការណ៍បង្ហាញថា កាលពីឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ជាង២៥០នាក់ របួសធ្ងន់ស្រាល ជាង៥០០នាក់ អំឡុងបុណ្យចូលឆ្នាំថ្មីនៅថៃ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ ១៧ មេសា ហើយគ្រោះថ្នាក់ភាគច្រើន ទាក់ទងនឹងគ្រឿងស្រវឹង៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត