អ៊ីស្រាអែលប្រើ AI ធ្វើសង្គ្រាមជាមួយហាម៉ាស នៅGaza
បរទេស៖ លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ ហៅកាត់ UN បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់មានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលប្រើ AI ឬ បញ្ញាសិប្បនិម្មិត កំណត់គោលដៅវាយប្រហារ នៅតំបន់ Gaza ជាទីតាំងមានសង្គ្រាមបង្ហូរឈាម រវាងអ៊ីស្រាអែល-ហាហ៉ាស់ ដែលបានអូសបន្លាយ ជាង៦ខែមកហើយ នោះ។
នៅឯទីស្នាក់ការរបស់ UN កាលពីថ្ងៃអាទិត្យ លោក Antonio Guterres បានប្រាប់អ្នកសារព័ត៌មានថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់យោធាអ៊ីស្រាអែល ដោយប្រើប្រាស់បញ្ញាសិប្បនិមិត្ត ធ្លាក់ចំតំបន់លំនៅដ្ឋាន ដែលមានប្រជាជនរស់នៅច្រើន នាំឱ្យមានជនស៊ីវិលស្លាប់ និងរបួស ក្នុងកម្រិតខ្ពស់។
របាយការណ៍ «+972» បានអះអាងថា មានជនសង្ស័យរាប់ម៉ឺននាក់ហើយ ដែលត្រូវបានកងទ័ពអ៊ីស្រាអែលប្រើប្រាស់ AI សម្គាល់ថា ជាពួកហាម៉ាស រួចសម្លាប់ចោល តែម្តង។
អំឡុងការសារភាពកំហុស ដ៏កម្រមួយ កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនច្រលំសម្លាប់បុគ្គលិកផ្តល់ជំនួយ ចំនួន៧នាក់ នៅហ្គាហ្សា ដោយដំបូងឡើយ គិតថា ជាពួកប្រតិបត្តិករប្រដាប់អាវុធ «ហាម៉ាស»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត