ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីក ការវិនិយោគបន្ថែមទៀតនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group បានបង្ហាញ បំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។

លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។

លោកប្រធានក្រុមហ៊ុន បន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក និងសហការី នាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម ។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគ លើវិស័យមួយចំនួន រួមមាន៖ វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ,វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ ,វិនិយោគលើវិស័យទេសចរណ៍ , វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង វិនិយោគលើការកសាង ស្ថានីយបណ្តាញទូរគមនាគមន៍ 5G ។

ជាការឆ្លើយតប ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគលើវិស័យមួយចំនួន ដែលក្រុមហ៊ុនបានរៀបរាប់ខាងលើ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។ ទន្ទឹមនោះ ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿន និងកំពង់ផែទឹកជ្រៅ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy) ។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដោយឡែក ចំពោះចំណាប់អារម្មណ៍លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner