ជនបរទេស ពលរដ្ឋ និងមន្រ្តី បង្ហាញពីមោទកភាព និង ចូលរួមអបអរ ការរៀបចំប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ឆ្នាំមកហើយ ខេត្តកំពង់ស្ពឺ បានរៀបចំការប្រណាំង រទេះសាឡីគោលឿន ហើយក្នុងឆ្នាំនេះដែរ មានរទេះគោចំនួន ៥០ ដោយមានទាំងប្រភេទរទេះគោធំ និងគោតូច បានចូលរួមប្រកួតយ៉ាងដោយក្តីសប្បាយរីករាយ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានចូលមកដល់។

ក្នុងព្រឹត្តិការណ៍«ប្រណាំងរទេះសាឡីគោលឿន» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកស្រី នី កូល ជនជាតិបារាំង ដែលបានចូលរួមទស្សនាការប្រកួតប្រណាំងរទេះសាឡីគោលឿន បានលើកឡើងថា វាពិតជាអស្ចារ្យ ទំនៀមទំលាប់ នៃការប្រណាំងរទេះគោ ។ វាមិនត្រឹមតែមានភាពរីករាយក្នុងពេលពិធីបុណ្យចូលឆ្នាំមកដល់ទេ តែវាបានបង្កប់នូវវប្បធម៌ដ៏យូរលង់របស់ពលរដ្ឋខ្មែរថែមទៀត ។

ដោយឡែក លោក ជីល ប៊ែរ ជនជាតិបារាំងដូចគ្នា បានបញ្ជាក់ថា លោកមានក្តីរីករាយដែលបានមកចូលរួមមើលការប្រកួតរទេះសាឡីគោលឿន ។ វាជាព្រឹត្តិការណ៍មួយគួរស្ងើចសរសើរ និងវាជាទិដ្ឋភាពគួរជាទីទាក់ទាញ។លោកមានការពេញចិត្ត ហើយចង់មកទស្សនាទៀតបើមានឱកាសក្រោយៗទៀត។

លោក សុច លាភ ពលរដ្ឋខេត្តកំពស់ស្ពឺ បានប្រាប់ថា ការប្រកួតប្រណាំងរទេះសាឡីគោលឿន បានរំលឹកនូវចាស់បុរាណប្រើប្រាស់ប្រចាំថ្ងៃ និងជាប្រពៃណីខ្មែរបុរាណ។ ពលរដ្ឋខ្មែរសម័យដើមឡើយប្រើរទេះជាយាន្តសំខាន់ក្នុងការដឹកសម្ភារៈ និងប្រើគោប្រកបរបរកសិកម្មជាសំខាន់ ។
ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យ បានឱ្យដឹងថា ការប្រណាំងរទះសាឡីគោលឿននេះគឺជាលើកទី១០ហើយ និងពិធីនេះប្រារព្ធធ្វើឡើងដើម្បីចូលរួមអភិរក្ស និង ផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន ដើម្បីលើកស្ទួយនូវប្រពៃណីដូនតាខ្មែរយើងតាំងតែពីបុរាណកាលមក។

លោកបានប្រាប់ដែរថា សម្រាប់ការប្រកួតប្រជែងនេះគេបានធ្វើការបែងចែកជា២ផ្នែក គឺការប្រណាំរទេះសាឡីគោលឿនខ្នាតធំ និងរទេះសាឡីគោលឿនខ្នាតតូច។ សម្រាប់រទះសាឡីគោលឿនខ្នាតធំមានចំនួន ២១គូ ក្នុងនេះមកពីខេត្តកំពង់ស្ពឺ ១១គូ មកពីភ្នំពេញ ៥គូ កំពង់ចាម ១គូ កណ្តាល ៣គូ ។ ដោយឡែករទះសាឡីគោលឿនខ្នាតតូចមានចំនួន ២៩គូ ក្នុងនោះមកពីខេត្តកំពង់ស្ពឺ ១៥គូ ភ្នំពេញ ២គូ កំពង់ចាម ១គូ និងកណ្តាល ១១គូ ។

លោក សរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការប្រណាំងរទះសាឡីគោលឿននេះ គឺធ្វើឡើងចង់រំលឹកដល់ដូនតាខ្មែរ ដែលបានកសាងនូវព្រឹត្តិការណ៍មួយនេះនាកន្លងមក ។ ពិធីប្រណាំងរទះសាឡីគោលឿននេះ ជាទំនៀមទំលាប់ នៃវប្បធម៌ជាតិរបស់យើង ដែលមានតាំងតែពីយូយារណាស់មកហើយ។

សម្រាប់លទ្ធផលជ័យលាភីរទេះគោតូច ៖ លេខ ១ ស្ទួនបានទៅលើ លោក វង់ អ៊ុយ (គោឈ្មោះ អាទឹកចាន់) មកពីភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ, លោក មុត រិទ្ធ (គោឈ្មោះ គង្គាស្មោះស្នេហ៍) មកពីភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លេខ ៣ ៖ លោក ផន គន្ធា (គោឈ្មោះ អាជោគជ័យ) មកពីភូមិទួលស្វាយ សង្កាត់បឹងធំ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។

ចំណែកគោធំលេខ ១បានទៅលើ លោក តាំង ស្រៀង (គោឈ្មោះ អាស្រីតូចស្អាតមែន) មកពីភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ជ័យលាភីលេខ២(គ្មាន) ។ លេខ ៣ ស្ទួនបានទៅលើលោក ឈុំ ចាន់ណារី (គោឈ្មោះ អាទាន់ចិត្ត) មកពីភូមិត្រពាំងទ្រព្យ សង្កាត់បឹងធំ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ,លោក យី អៀច (គោឈ្មោះ អានី) មកពីភូមិត្រពាំងពោជ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,លោក ស៊ឹម ថេង (គោឈ្មោះ ថាវរិន) មកពីភូមិត្រពាំងបម្រុះ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ៕

អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖លោក គ្រីសម្បត្តិ និងពុធ សុខជា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner