អភិបាលខេត្តបានចុះពិនិត្យរំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យទី៧ ខែ មេសា ឆ្នាំ២០២៤ និងសហការីបានអញ្ជើញពិនិត្យស្ថានភាពនៃការធ្វើដំណើរចេញ ចូល របស់អ្នកដំណើរ ជាពិសេសរំហូរនៃពលករខ្មែរធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំ
រៀង ខេត្តបាត់ដំបង ដើម្បីមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅស្រុកកំណើត ។

ក្នុងឱកាសពិនិត្យជាក់ស្តែង ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ, មន្រ្តីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រចាំការនៅច្រកព្រំដែនដូង ត្រូវធ្វើយ៉ាងណាជួយសម្របសម្រួល ,ជួយពន្លឿនដល់ភាគីថៃក្នុងការបំពេញបែបបទនីតិវិធីដល់ប្រជាពលរដ្ឋនិងពលករ ដែលធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ។

ទាក់ទងនឹងវត្តមានយ៉ាងច្រើនកុះកររបស់ពលករខ្មែរនេះ រដ្ឋបាលខេត្តបាត់ដំបងបានចាត់តាំងក្រុមការងារខេត្តជាច្រើនក្រុមចុះប្រចាំការជួយសម្របសម្រួលលើការធ្វើដំណើរចេញ ចូល របស់ពលករនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ នានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ក្រុមការងារនេះ ដឹកនាំដោយអភិបាលរងខេត្តមួយរូបជាប្រធាន ដោយមានអនុប្រធាន និង សមាជិកចូលរួមពីកងកម្លាំងទាំងបីប្រភេទ និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។

តាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះមានពលករខ្មែរជាង ៣៦ ០០០នាក់ ហបានវិលត្រឡប់មកកាន់ស្រុកកំណើតរៀងៗខ្លួនរបស់ពួកគេក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងនិងច្រកព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣)។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ នឹងប្រព្រឹត្តរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner