រដ្ឋបាលក្រុងបាវិតប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ

ស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀងហេង អភិបាលក្រុងបាវិតនារសៀលថ្ងៃចន្ទទី៨ ខែមេសាឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពជាមួយស្រុកជាប់ព្រំដែនរវាងក្រុងបាវិត ប្រទេសកម្ពុជា និងស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ប្រទេសវៀតណាម ។ពិធីនេះក៏បានរៀបចំឡើងដើម្បីចូលរួម អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស២០២៤ផងដែរ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិតជំនួសមុខឳ្យក្រុមប្រឹក្សាក្រុង និងអាជ្ញាធរក្រុងបាវិត និងក្នុងនាមរូបលោកផ្ទាល់បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន គណៈប្រតិភូស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ដែលបានចំណាយពេលវេលាដ៏មានតម្លៃមមាញឹកផ្តល់ កិត្តិយសអញ្ជើញចូលរួម ញ៉ាំងឳ្យបរិយាកាសនៃពិធីទាំងមូល កាន់តែមានភាពអធឹកអធម ប្រកបដោយ ស្មារតីសាមគ្គីភាព មិត្តភាព និងពោពេញដោយស្នាមញញឹម និងក្តីសង្ឃឹម ត្រៀមទទួលអំណរសាទរឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឳ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងមានការរីកចម្រើនឡើងគួរជាទីមោទនៈ ដែលធ្វើឳ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន ។ជាក់ស្តែងក្នុងក្រុងបាវិត មានក្រុមហ៊ុនពាណិជ្ជកម្ម ឧស្សាហកម្ម និងមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន០៧កន្លែង, មានរោងចក្រក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន១០២រោងចក្រកំពុងដំណើរការ ដោយមាន បុគ្គលិក កម្មករ បម្រើការងារជាងប្រាំម៉ឺននាក់ ។ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់។វិស័យកសិកម្ម ក្រុងបានជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំគ្រប់ប្រភេទ ។

ជាមួយគ្នានេះដែរតំណាងឳ្យអាជ្ញាធរក្រុងបាវិត លោកសូមថ្លែងអំណរគុណ ដល់ភាគីវៀតណាម ពិសេសកងទ័ពការពារព្រំដែនម៉ុកបាយ ដែលជានិច្ចជាកាលតែងតែជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរដែលមានជំងឺ ហើយត្រូវឆ្លងទៅព្យាបាលជំងឺនៅប្រទេសវៀតណាម និងបានជួយអន្តរាគមន៍សហការផ្តល់ រថយន្តពន្លត់អគ្គិភ័យ នៅពេលមានអគ្គីភ័យកើតឡើងនៅតាមព្រំដែនក្នុងក្រុងបាវិត៕
ដោយ: នុត នាង

ads banner