វៀតណាមប្រកាសអាសន្នគ្រោះរាំងស្ងួត

ខេត្តតំបន់ឆ្នេរសមុទ្រដ៏សំខាន់ នៅក្នុងប្រទេសវៀតណាម ត្រូវបានប្រកាសអាសន្ន ដោយសារតែគ្រោះរាំងស្ងួត។

រលកកម្តៅរយៈពេលមួយសប្តាហ៍ បាននាំមកនូវគ្រោះរាំងស្ងួត ខណៈដែលទឹកប្រៃចេះតែបន្តចូលតំបន់ Tan Phu Dong នៃខេត្ត Tien Giang ជាខេត្តដែលមានឆ្នេរសមុទ្រប្រវែង ១២ គីឡូម៉ែត្រ តាមបណ្តោយសមុទ្រចិនខាងត្បូង។

នៅថ្ងៃទី៦ ខែមេសា វៀតណាមបានចេញសេចក្តីប្រកាស ដាក់ខេត្តមួយនេះ ក្នុងភាពអាសន្ន ខណៈដែលប្រជាជនវៀតណាមរាប់ពាន់នាក់ នៅទីនោះ កំពុងខ្វះខាតទឹកសាប យ៉ាងធ្ងន់ធ្ងរ។

សេចក្តីប្រកាសបានឲ្យដឹងដែរថា ការជ្រៀតចូលនៃទឹកអំបិលពីសមុទ្របានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំ និងផ្ទះរាប់ពាន់គ្រួសារ ក្នុងចំណោមប្រជាជន ៤៣០០០នាក់ នៅតំបន់នោះ។

ដីសណ្ដទន្លេមេគង្គប្រឈមនឹងការជ្រៀតចូលទឹកប្រៃ ជារៀងរាល់ឆ្នាំ ប៉ុន្តែ សម្រាប់ឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង និងការកើនឡើងកម្រិតទឹកសមុទ្រ ជំរុញដោយការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យ។

ការស្រាវជ្រាវចេញផ្សាយ នៅក្នុងខែមីនា បានបង្ហាញថា ដីសណ្ដទន្លេមេគង្គរបស់វៀតណាម ដែលផ្តល់អាហារ និងជីវភាពរស់នៅ សម្រាប់មនុស្សរាប់សិបលាននាក់ ប្រឈមមុខនឹងការខាតបង់ដំណាំកសិកម្ម ជិត ៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយសារទឹកប្រៃកាន់តែច្រើន ចូលដីបង្កបង្កើនផល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner