សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបចំពោះការផ្សាយ មួលបង្កាច់ពីគម្រោងព្រែកជីកហ្វូណន តេជោ នឹងសម្រួលដល់វត្តមានកងទ័ពចិន នៅមូលដ្ឋានទ័ពជើងទឹករាម

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការឆ្លើយតប ៦ចំណុច បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ ។

សម្ដេចតេជោ បានលើកឡើងថា ថ្ងៃនេះ ខ្ញុំចង់ដាស់តឿន ដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួន ដូចខាងក្រោម៖

១. តើកម្ពុជា ត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?

២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាង ប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អ លើគ្រប់វិស័យ។

៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

៤. តើកម្ពុជា ឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញ របស់ខ្លួនឬ? និង តើចិន ឆោតល្ងង់រហូតយកកងទ័ពខ្លួន មកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរព ឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ? ។

៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់ មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះ បានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្រប ជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញ បានលុបចោលរួចទៅហើយ។

៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ច សង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹក ដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជន នៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្ដេចបញ្ជាក់ថា ព្រែកជីកនេះ មិនប៉ះពាល់ដល់លំហូរទឹក នៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះ មិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀត យើងមានទ្វារទឹកមិនឲ្យទឹកសាប ធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។

យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្ត នៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។
យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើង ដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯង ក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំ នោះទេ សំណាងត្រង់ពួកអ្នកឯង កើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំ កើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯង មើលងាយពួកខ្ញុំ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner