ឯកឧត្តម ជួប បារីស៍ ៖ ការប្រែប្រួលអាកាសធាតុមិនមែន មកពីការកាប់ព្រៃឈើប៉ុណ្ណោះទេ ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗ
(សៀមរាប)៖ ឯកឧត្តម ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ មិនមែនបណ្ដាលមកពីការកាប់ព្រៃឈើប៉ុណ្ណោះទេ គឺដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយសាយភាយ ទៅលើភពផែនដី ព្រមទាំងការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗ ។ នេះជាការលើកឡើងក្នុងសិក្ខាសាលាបញ្រ្ជាបចំណេះដឹង ស្តីពី ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក នាព្រឹកថ្ងៃទី០៩ ខែមេសា នៅសាលាខេត្តសៀមរាប ។
ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនដែលជាសសរទ្រូងប្រទេស ដើម្បីបង្កើនការរយល់ដឹងដល់យុវជន និងអ្នកសារព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តម ជួប បារីស៍ មានប្រសាសន៍បន្ថែមថា ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឲ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់ ។ ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុត។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដាក់គោលដៅទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឲ្យបានគម្របព្រៃឈើ៦០% ដើម្បីឲ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូន ។ ដើម្បីសម្រេចបានគោលដៅ របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ដំណាក់កាលទី១ គឺត្រូវដាំដើមឈើឡើងវិញ , ទី២ ត្រូវការពារព្រៃឈើ និងទី៣ ជួយដល់សហគមន៍ ឲ្យពួកគាត់មានជីវភាពល្អប្រសើរ និងឲ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឲ្យ យាយីព្រៃឈើតទៅទៀត។
ឯកឧត្តម ជួប បារីស៍ ក៏បានលើកឡើងទៀត ពីការរក្សាឲ្យបានការមិនប្រើប្រាស់ប្លាស្ទិក ដោយលោករដ្ឋមន្ត្រី បានដាក់ចេញគោលដៅ ក៏ដូចជាយុទ្ធនាការកាត់បន្ថយប្លាស្ទិក ដោយមានពាក្យស្លោកថា “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក” ។ ហើយនៅតាមបណ្ដាសាលាផ្សេងៗគឺបានអនុវត្តស្ទើតែ១០០% ទៅលើយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក” ហើយជាគោលដៅបន្ទាប់ទៀត ជាមួយគម្រោងបញ្ជ្រាបចំណេះដឹងទាំងនេះទៅដល់កម្មកររោងចក្រសហគ្រាសតូចធំ និងសាធារណជនផ្សេងទៀត ដើម្បីឲ្យពួកគាត់បានយល់ដឹង ពីផលប៉ះពាល់នៃការប្រើថង់ប្លាស្ទិក ។
គួបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញគោលដៅដាំស្តារព្រៃឈើឡើង វិញឲ្យបាន១លានដើមក្នុងមួយឆ្នាំ ដោយផ្តើមបណ្តុះកូនឈើជាច្រើននៅតាម បណ្តារាជធានីខេត្តទូទាំងប្រទេស និងបង្កើនគម្របព្រៃឈើឲ្យបាន៦០ភាគរយ នៅត្រឹមឆ្នាំ២០៥០ខាងមុខ៕
ដោយ / គ្រី សម្បត្តិ