លោកជំទាវបណ្ឌិត ជា សិរី ៖ ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ពឹងគ្នា និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក

(កំពង់ធំ)៖ ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ពឹងគ្នា និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក ដោយពុទ្ធចក្រជួយផ្នែកស្មារតី ផ្នែកទស្សនវិជ្ជា, មានពុទ្ធចក្រ ទើបអាណាចក្រ អាចរុងរឿងបាន ខណៈពុទ្ធចក្រ ក៏ពឹងផ្អែក និងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះគឺដោយសារមានសុខសន្តិភាព ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងពិធីបុណ្យសម្ភោធឆ្លងឧបដា្ឋនសាលា ពុទ្ធាភិសេក និងសមិទ្ធផលនានានៅក្នុងវត្តមុនីរតនារាម (ហៅវត្តល្អក់)ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងចាត់ទុកសមិទ្ធផល សម្ភោធឆ្លងឧបដា្ឋនសាលានេះ ឆ្លុះបញ្ចាំងអំពីការដឹកនាំ និងការចូលរួមចំណែកជាកុសលដ៏ធំធេងរបស់អាជ្ញាធរ ព្រះចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។ សកម្មភាពទាំងនេះ ជាកុសលធំណាស់ ដូចជាការសន្សំបុណ្យ ជាហេតុនាំមកនូវសេចក្តីសុខ ។

លោកជំទាវបន្តថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ។ ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ពុទ្ធចក្រ ជួយផ្នែកស្មារតី ផ្នែកខាងទស្សនវិជ្ជា ដោយសារ មានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។ ជាមួយគ្នានេះ ពុទ្ធចក្រ ក៏ពឹងផ្អែក និងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះដោយសារមានសុខសន្តិភាព ស្ថិរភាព នយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះ ហើយទើបជំនឿសាសនា មាននិរន្តរភាព និងភាពរុងរឿង។ ជាក់ស្តែង ក្នុងរបបប៉ុលពត បានបំផ្លាញចោលស្ទើរទាំងសុ្រង នូវរចនាសម្ព័ន្ធនានា ក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ បំបិទជំនឿសាសនា រីឯផ្នែកអាណាចក្រ ក៏បានធ្លាក់ដុនដាបផងដែរ។

លោកជំទាវអគ្គទេសាភិបាល បានបញ្ជាក់ថា ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ យើងបានរៀបចំឱ្យ មាន លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្ថិរភាពនយោ បាយ។ ប្រទេសកម្ពុជាយើង ទទួលបានសុខសន្តិភាព ពេញលេញ ក្នុងនោះរាជរដា្ឋភិបាល មានលទ្ធភាពគ្រប់គ្រាន់ ក្នុង ការកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។

រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងចារឹកជាបាវចនារបស់ ប្រទេសជាតិ គឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នឹងបន្តខិតខំធ្វើឱ្យទីវត្តអារាមក្លាយជាមជ្ឍមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំសុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ។

សូមជម្រាបថា ឧបដ្ឋានសាលា ជាភាសាសាមញ្ញ ហៅថា សាលាឆាន់ គឺជាទីដែលឧបាសក ឧបាសិកា ពុទ្ធបរិស័ទទាំង អស់ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពុទ្ធបរិស័ទជួបជុំគ្នា ។ ឧបដ្ឋានសាលា មកអំពីពាក្យថា ឧបដ្ឋាន+សាលា ដោយឧបដ្ឋាន មានន័យថា ការបម្រើ ការទំនុកបម្រុង ឬការផ្គត់ផ្គង់ ឧទាហរណ៍ បុត្រធីតា ត្រូវឧបដ្ឋានមាតាបិតា។ រីឯពាក្យសាលា មានន័យថា ជាផ្ទះ ជាមន្ទីរ ជារោង។ ដូច្នេះ ឧបដ្ឋានសាលា មានន័យថា ជាទីមន្ទីរ សម្រាប់បម្រើដល់ព្រះពុទ្ធសាសនា សម្រាប់ទំនុកបម្រុងដល់ព្រះសង្ឃ សម្រាប់ប្រជុំគ្នាធ្វើទាន និងសម្រាប់ជួយគ្នាទៅវិញទៅមក ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner