មេដឹកនាំចិន-អាល្លឺម៉ង់នឹងជួបគ្នានៅចុងសប្តាហ៍នេះ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ដោយលោកគ្រោងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit នៅថ្ងៃចន្ទនេះថ្លែងថា ក្រៅពីបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឆុងឈីង និងទីក្រុងសៀងហៃ។ លោក សូលស៍ នឹងត្រូវអមដំណើរដោយគណៈប្រតិភូធុរកិច្ច រួមទាំងរដ្ឋមន្ត្រីកសិកម្ម លោក Cem Özdemir រដ្ឋមន្ត្រីដឹកជញ្ជូនអាល្លឺម៉ង់ លោក Volker Wissing និងរដ្ឋមន្ត្រីបរិស្ថានអាល្លឺម៉ង់ លោកស្រី Steffi Lemke។

នៅរដ្ឋធានីប៉េកាំង លោក សូលស៍ នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង។ នាឱកាសនោះដែរ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចិន-អាល្លឺម៉ង់ផងដែរ។ សារព័ត៌មាន AFP បានចេញផ្សាយថា ក្នុងអំឡុងការរបំពេញទស្សនកិច្ចរបស់លោក សូលស៍ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ភាពតានតឹងរវាងចិន-តៃវ៉ាន់ និងបញ្ហាសេដ្ឋកិច្ច។

គេហទំព័រ destatis.de បានរាយការណ៍ថា ទំហំពាណិជ្ជកម្មរវាងអាល្លឺម៉ង់ និងចិនមានតម្លៃ ២៥៤.១ពាន់លានអឺរ៉ូ ឬជាង ២៧៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។ ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Destatis) បានឱ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០២៣ សម្រាប់រយៈពេល៨ឆ្នាំជាប់ៗគ្នា។

បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានទំហំពាណិជ្ជកម្មចំនួន ២៥២.៦ពាន់លានអឺរ៉ូ ឬជាង ២៧៤ពាន់លានដុល្លារ តាមពីក្រោយដោយហូឡង់ ជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ២២០.៤ពាន់លានអឺរ៉ូ ឬជាង ២៣៩ពាន់លានដុល្លារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner