រដ្ឋបាលខេត្តបាត់ដំបង អញ្ជើញសួរសុខទុក្ខកងកម្លាំង ឈរជើង នៅតាមបន្ទាត់ព្រំដែនគោក
បាត់ដំបង៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆាប់ៗ ខាងមុខ រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូខេត្ត អញ្ជើញ សួរសុខ ទុក្ខដល់គ្រប់ កងកម្លាំង ប្រដាប់អាវុធ ដែល កំពុង តែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុង ភូមិសាស្ត្រ ស្រុករតនមណ្ឌល សំឡូត កំរៀងនិងស្រុកសំពៅ លូន ។ប្រតិភូក៏បាននាំទៅជាមួយនូវគ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ និងថវិកា មួយ ចំនួនជូនដល់ អង្គភាពទាំងនោះផង។
ខណៈជួបបណ្ដាអង្គភាពទាំងនេះ ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន កោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយ ទាហាន រង ពលទាហានទាំងអស់ ដែលកន្លង អនុវត្តនូវ តួនាទី ភារកិច្ច របស់ខ្លួន យ៉ាងម៉ឹងម៉ាត់,យកអស់ពីកម្លាំងកាយ ចិត្ត ការពារនូវបូរណភាពទឹកដី ក៏ដូចជាការរួមចំណែកក្នុង កិច្ច ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និង សុខសុវត្ថិភាពជូនដល់ ប្រជាពលរដ្ឋ។
ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់គ្រប់កងកម្លាំងប្រចាំ ការ នៅតាមច្រកព្រំដែន ត្រូវធ្វើយ៉ាងណា ជួយពន្លឿនដល់ ការ បំពេញ បែបបទដល់ប្រជាពលរដ្ឋ និងពលករដែលបានធ្វើ ដំណើរ ត្រឡប់មកលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យ ចូលឆ្នាំថ្មី។ជាងនេះទៀតក៏ត្រូវតែពង្រឹងទប់ស្កាត់នូវការ ឆ្លងដែនខុសច្បាប់ ,វែកមុខឱ្យបានក្រុមបក្ខពួកនិងមេខ្យល់ ដែលតែងលួចនាំ ពលករ ចេញ-ចូលទៅប្រទេសថៃដោយ ខុសច្បាប់។ជាពិសេសត្រួតពិនិត្យឱ្យបានម៉ត់ចត់ទប់ ស្កាត់ការលួចលាក់នាំចេញចូលអាវុធជាតិផ្ទុះ គ្រឿងញៀន និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)