អភិបាលខេត្តៈ កំពតត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិ
កំពត៖ អភិបាលខេត្តកំពតក្រើនរំលឹកដល់មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវចេះសហការគ្នា ស្រឡាញ់គោរពគ្នា និងរក្សាឱ្យបាននូវក្រម សីលធម៌ល្អក្នុងសង្គមការងារ និងសង្គមគ្រួសារ ។ពោលមន្ត្រីរាជការត្រូវធ្វើជាគំរូល្អដល់ពលរដ្ឋ ។មន្ត្រីម្នាក់ៗត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិ។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តជាង ៣០០នាក់ កាលពីថ្ងៃទី៩ ខែមេសា នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តដើម្បីបង្ហាញអំពីការគិតគូរដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមតែងតែមានរបស់កំដរដៃជូនដល់មន្ត្រីរាជការ ដើម្បីយកទៅជូនក្រុមគ្រួសារ ធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ។ការសំណេះសំណាលលើកនេះ គឺជាលើកទី៦ហើយ ឯកឧត្តមសង្ឃឹមថាវប្បធម៌មួយនេះ នឹងដុះនៅក្នុងផ្នត់គំនិតរបស់មន្ត្រី នៅពេលដែលខ្លួនក្លាយទៅជាអ្នកដឹកនាំ ហើយត្រូវបន្តវប្បធម៌មួយនេះតទៅទៀត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីទាំងអស់សូមឱ្យបន្តធ្វើជាមន្ត្រីរបស់ប្រជាជន បម្រើប្រជាជន បម្រើប្រទេសជាតិដោយស្មោះត្រង់ ត្រូវធ្វើខ្លួនជាគំរូល្អដល់ប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ហើយមន្ត្រីត្រូវមានធនធានមនុស្ស និងធនធានជាតិ ។
ពេលរសៀលនាថ្ងៃដដែលនោះដែរ រដ្ឋបាលខេត្តក៏បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនមន្ត្រីរាជការ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកម្មវិធីទាំងពីរមានការចូលរួមពីលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មន្ត្រីរាជការចំណុះសាលាខេត្តទាំងអស់ និងមានការសម្តែងរបាំត្រុដិដើម្បីដេញឧបទ្រពចម្រៃចេញ និងទទួលពរជ័យសម្រាប់សាលាខេត្តកំពតផងដែរ៕
ដោយៈសិលា សារិន