សៀមរាបសង្ក្រាន្ត មានកម្មវិធីធំៗចំនួនប្រាំ

សៀមរាប៖ តាមអ្វីដែលបានគ្រោងទុកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដែលនឹងចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ខាងមុខរដ្ឋបាលខេត្តសៀមរាប បានគ្រោងនូវកម្មវិធីធំៗចំនួនប្រាំ ។នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំរបស់អនុគណ:កម្មការខ្លឹមសារព័ត៌មាន និងពិធីការសម្រាប់ពិធីសៀមរាបសង្ក្រាន្ត នៅថ្ងៃអង្គារក្រោមការដឹកនាំរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់។

តាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបានបង្ហាញថា នៅក្នុងកម្មវិធីសៀមរាបសង្ក្រាន្តរមានកម្មវិធីធំៗ ចំនួនប្រាំសំខាន់ៗ ។ក្នុងនោះទី១ ពិធីក្រុងពាលីបើកសៀមរាបសង្ក្រាន្តនៅព្រឹកថ្ងៃទិ១២ ខែមេសា។ ទី២ នៅព្រឹកថ្ងៃទី១៣ ខែមេសា ពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តក្រោមអធិបតីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងការពារជាតិ។ ទី៣ នៅថ្ងៃទី១៤ ខែមេសា ដំណើរការកម្មវិធីក្នុងភូមិ និងសកម្មភាពតាមតំបន់នានា ដោយមានការលេងល្បែង របាំប្រជាប្រិយខ្មែរ ការសម្ដែងរបាំប្រពៃណី។ល។ ទី៤ នៅថ្ងៃទី១៥ កម្មវិធីប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត២០២៤ កម្មវិធីសាសនា ពូនភ្នំខ្សាច់ ។ល។ និងទី៥ នៅថ្ងៃទី១៦ ខែមេសា កម្មវិធីសាសនា ពិធីស្រង់ព្រះជាដើម។

សៀមរាបសង្ក្រានឆ្នាំថ្មីមានរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា នឹងប្រារព្ធដែលធ្វើឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបនិងប្របតាមដងស្ទឹងខេត្តសៀមរាបរហូដល់ស្ពានវត្តដំណាក់ ផ្សារចាស់ ដែលមានចំងាយជាងមួយគីឡូម៉ែត្រ។

លោកអភិបាលរងខេត្តសៀមរាបបានណែនាំដល់មន្ទីរព័ត៌មានខេត្ត និង រដ្ឋបាលខេត្តត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឳ្យបានទូលំទូលាយ។

ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ គឺជាលើកទី៣ហើយ ។ការរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសឳ្យយុវជន ក៏ដូចជាសាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ ក៏ជាឱកាសផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិផងដែរ៕
អត្ថបទនិងរូបភាពៈស៊ាន សុផាត

ads banner