ក្រសួងទេសចរណ៍ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យសិរីមង្គល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ ជាពិសេសដើម្បីទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ព្រះនាម «មហោទរាទេវី» ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តនាឱកាសនោះ មានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងទេសចរណ៍។
កម្មវិធីនេះបានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាផ្កាភ្ញី គ្រឿងសក្ការ:នានាថ្វាយព្រះរតនត្រ័យ ដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាននិមន្តព្រះសង្ឃចំនួន៨ព្រះអង្គចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ចម្រើនសិរីសួស្ដី។
ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ លោករដ្ឋមន្ដ្រី ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីរាជការក្រោមឱវាទក្រសួងបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យថ្វាយចំពោះព្រះសង្ឃជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងទេសចរណ៍ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបជានិច្ចនិរន្តរ៍។
ក៏មានការសម្ដែងរបាំត្រុដិ និងរបាំជូនពរផងដែរ ដើម្បីជម្រះនូវភាពសៅហ្មងទាំងពួងដូចទៅនឹងការក្សិណក្ស័យសត្វប្រើសក្នុងរបាំត្រុដិ ជំនួសមកវិញនូវពរជ័យសិរីសួស្ដីក្នុងឱកាសឆ្នាំថ្មីដូចនឹងរបាំជូនពរ ខណៈបរិយាកាសពោរពេញដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាល៕
អត្ថបទ:ចាន់ វិចិត្រ
រូបភាព-ងីម ឆាយហួត