ប្រមុខការទូតអង់គ្លេស ទៅសហរដ្ឋអាមេរិក ជំរុញឱ្យសភាផ្តល់ជំនួយឱ្យអ៊ុយក្រែន
ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron នៅថ្ងៃអង្គារនេះ ជួបជាមួយសមភាគីអាមេរិក លោក Antony Blinken និងសមាជិកសភានៅក្នុងសភាអាមេរិក ដើម្បីអនុម័តកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
នៅមុនកិច្ចប្រជុំជាមួយលោក Blinken លោក Cameron នឹងជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida ដោយអ្នកនាំពាក្យការិយាល័យការបរទេសអង់គ្លេសបាននិយាយថា ជំនួបនេះជាការចូលរួមអនុវត្តស្តង់ដារសម្រាប់រដ្ឋមន្ត្រី ក្នុងការជួបជាមួយបេក្ខជនគណបក្សប្រឆាំងដែលជាផ្នែកមួយនៃការចូលរួមជាអន្តរជាតិ។
កាលពីសប្តាហ៍មុន លោក Cameron និយាយថា លោកក៏នឹងជួបប្រធានសភាតំណាងរាស្រ្ត លោក Mike Johnson និងជំរុញឲ្យគាត់អនុម័តកញ្ចប់ជំនួយយោធាមានទំហំ ៦០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដែលលោកបានកាន់អស់ជាច្រើនខែ។ លោក Cameron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជោគជ័យរបស់អ៊ុយក្រែន និងការបរាជ័យរបស់លោក ពូទីន គឺមានសារៈសំខាន់សម្រាប់សន្តិសុខអាមេរិក និងអឺរ៉ុប។ លោក Cameron ថា វាជារឿងសំខាន់ដើម្បីបង្ហាញដល់លោក ពូទីន ថា ការឈ្លានពាននឹងបរាជ័យ។
ក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះដែរ លោក Cameron នឹងសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី និងផ្តល់ឱ្យអ៊ុយក្រែន នូវការគាំទ្រផ្នែកយោធា និងជំនួយមនុស្សធម៌ដែលខ្លួនត្រូវការសម្រាប់ឆ្នាំនេះ និងបន្តការវាយលុកតបតនៅឆ្នាំ២០២៥។
បន្ថែមលើនេះ លោក Cameron ក៏នឹងពិភាក្សាអំពីផ្លូវសមុទ្រសម្រាប់ដឹកជញ្ជួនជំនួយទៅកាន់តំបន់ហ្គាហ្សា ក៏ដូចជាជំរុញឱ្យស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាពលើករណីស្លាប់បុគ្គលិកផ្តល់ជំនួយចំនួន៧នាក់ រួមទាំងជនជាតិអង់គ្លេស៣នាក់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា