ថៃត្រៀមបើកទ្វារផ្ទះស្វាគមន៍ជនភៀសមីយ៉ាន់ម៉ាប្រហែល ១០ម៉ឺននាក់

បាងកក៖ ប្រមុខការទូតថៃ នៅថ្ងៃអង្គារនេះថ្លែងថា ប្រទេសរបស់គាត់បានប្រុងប្រៀបខ្លួន ទទួលយកជនចំណាកស្រុកប្រមាណ ១០០,០០០នាក់ ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ស្របពេលដែលការប្រយុទ្ធគ្នានៅក្បែរតំបន់ព្រំប្រទល់រវាងប្រទេសទាំងពីរកំពុងតែបន្ត។

រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានលើកឡើងយ៉ាងដូច្នេះថា យើងបានត្រៀមលក្ខណៈមួយរយៈមកហើយ ហើយយើងមានសមត្ថភាពអាចទទួលយកមនុស្សប្រមាណ ១០០,០០០នាក់ ឱ្យមកស្នាក់នៅក្នុងតំបន់សុវត្ថិភាពរបស់ថៃជាបណ្តោះអាសន្ន។

ប្រទេសថៃមានព្រំប្រទល់ប្រវែង២,៤០០គីឡូម៉ែត្រ ជាប់ជាមួយមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០២១។

ជាក់ស្តែង ក្នុងរយៈពេលជាច្រើនខែមកនេះ កងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំងក្លា ស្របពេលដែលការប្រយុទ្ធគ្នាជាមួយក្រុមចលនាតស៊ូប្រឆាំងរបបសឹកបានរីករាលដាលនៅប៉ែកជាច្រើននៃផ្ទៃប្រទេស ដល់បណ្តាតំបន់ដែលពីមុនធ្លាប់តែមានសន្តិភាព។ កាលពីចុងសប្តាហ៍កន្លងទៅ មានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាខ្លាំងនៅក្បែរទីក្រុងមីយ៉ាវ៉ាឌី របស់មីយ៉ាន់ម៉ា ដែលនៅជាប់ទីក្រុងម៉ៃសត របស់ថៃ។

ហើយនៅថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin និងក្រុមមន្រ្តីជាន់ខ្ពស់ថៃ ក៏បានបើកកិច្ចប្រជុំស្តីពីបញ្ហាព្រំដែនជាប់មីយ៉ាន់ម៉ាផងដែរ។ មីយ៉ាវ៉ាឌី គឺជាច្រកឆ្លងកាត់ដីដ៏មមាញឹកបំផុតទី៣ របស់ប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការដឹកជញ្ជូនទំនិញឆ្លងកាត់មានតម្លៃប្រហែល ១.១ពាន់លានដុល្លារ ក្នុងរយៈពេល ១២ខែចុងក្រោយនេះ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មរបបយោធាមីយ៉ាន់ម៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner