ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សេវាសាធារណៈ តាមប្រព័ន្ធឌីជីថល
ភ្នំពេញ៖ ការបង្កើតសេវាគាត់ចិត្ត និងផ្តល់ភាពងាយស្រួលនៅក្នុងការទិញលក់ ឬដាក់បញ្ចាំ នឹងចូលរួមកាត់បន្ថយរឿងរាវច្រើនដែលធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបានជួបប្រទះ ឬដាក់បន្ទុក ។ ជាមួយគ្នានេះ ការបំពេញបែបបទតាមប្រព័ន្ធឌីជីថល ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធលើដីធ្លី ឬអចលនទ្រព្យ អាចបង់ពន្ធ ឬលក់ដីរបស់គាត់ តាមរយៈធនាគារ ដោយមានភាពងាយស្រួល លឿនរហ័ស និងប្រកបដោយទំនុកចិត្ត ។
តាមរយៈការចរចារពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាមួយ ក្រសួងមហាផ្ទៃ ទៅថ្ងៃខាងមុខប្រជាពលរដ្ឋអាចទិញ លក់ដី ឬផ្ទះ កាន់តែងាយស្រួល ដោយមិនបាច់ទៅបញ្ជាក់ពីមេឃុំ ចៅសង្កាត់ ឬច្រកចេញចូលតែមួយដូចមុននោះទេ គឺគ្រាន់តែចុចនៅលើទូរសព្ទ័ដៃជាការស្រេច ដែលសម័យឌីជីថលនេះ បានជួយដោះស្រាយការងារយ៉ាងច្រើន ប្រកដោយប្រសិទ្ធភាព និងមិនមានបញ្ហា ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានគូសបញ្ជាក់ផងដែរថា សេវាគាប់ចិត្តនេះដែរ ក៏បើកចំហឱ្យខាងធនាគារ ឬមីក្រូហិរញ្ញវត្ថុអាចសំណូមពរ ដល់ក្រសួងទៅលើការពិនិត្យឈ្មោះអតិថិជន ប្រកបដោយសុវត្តិភាពផងដែរ។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា សេវាសាធារណៈគាប់ចិត្តអនឡាញនេះ គឺជាផ្លែផ្កានៃការប្តេជ្ញាចិត្តរបស់ សមីក្រសួង និងភាគីពាក់ព័ន្ធ ហើយវាជាមោទនភាព សំរាប់អនាគតសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការធ្វើជាសាក្សី និងការគាំទ្រនូវការផ្លាស់ប្តូរដ៏ធំធេងនេះ ។
លោកជំទាវ បន្តថា សមិទ្ធផលដ៏ថ្លៃថ្លានេះ គឺជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការធានាថា ប្រជាជនកម្ពុជា គ្រប់ស្ថាប័នអាចទទួលបាន និងប្រើប្រាស់សេវាសូរិយោដីសំខាន់ៗ ប្រកបដោយប្រសិទ្ធភាព និងសុវត្តិភាពជាងមុន ។ ប្រព័ន្ធដ៏ទំនើបនេះ និងចូលរួមលើកកម្ពស់ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជន តាមរយៈការជួយដោះស្រាយដែលសមាជិកសមាគមជូបប្រទៈ ជាពិសេស ការផ្ទៀងផ្ទាត់ដីធ្លី ឯកសារគតិយុទ្ធផ្សេងៗ ។ ប្រព័ន្ធនេះ និងសម្រួលដល់ការធ្វើប្រតិបត្តិការឥណទានប្រកបដោយទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ខ្មែរ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ វ៉េង លឹមហួត