កូរ៉េខាងត្បូងបោះទុន ៧ពាន់លានដុល្លារលើវិស័យបន្ទះឈីប AI
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃអង្គារនេះថ្លែងថា ប្រទេសកូរ៉េខាងត្បូងនឹងបណ្តាក់ទុនជិត ៧ពាន់លានដុល្លារ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ហៅកាត់ថា AI នៅឆ្នាំ២០២៧ ដែលនេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីក្លាយជាអ្នកនាំមុខគេលើពិភពលោក ក្នុងវិស័យបន្ទះឈីបទំនើប។
កូរ៉េខាងត្បូង គឺជាផ្ទះរបស់ Samsung និង SK Hynix ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំកំពូលចំនួនពីររបស់ពិភពលោក រួមទាំងអង្គចងចាំកម្រិតខ្ពស់ ហៅកាត់ថា HBM ដែលប្រើប្រាស់ក្នុងផ្នែក Hardware ដែលជួយបង្កើនថាមពលដល់ AI។
មិនតែប៉ុណ្ណោះ ឧស្សាហកម្មបន្ទះឈីបក៏ជាសសរស្តម្ភដ៏សំខាន់ ជំរុញការនាំចេញបង្កើនសន្ទុះកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រាប់មន្ត្រី និងនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាកំពូលៗក្នុងកិច្ចប្រជុំមួយថា រដ្ឋបាលរបស់គាត់ចង់ឱ្យប្រទេសកូរ៉េខាងត្បូងដឹកនាំពិភពលោក ផ្នែកបន្ទះឈីប AI។
លោក យូន បន្ថែមថា យើងនឹងវិនិយោគចំនួន ៩.៤ទ្រីលានវ៉ុន ឬជាង ៦.៩៤ពាន់លានដុល្លារ នៅក្នុងវិស័យ AI និងបន្ទះឈីប AI semiconductor នៅឆ្នាំ ២០២៧។ បន្ថែមលើនេះ កូរ៉េខាងត្បូងនឹងបង្កើតមូលនិធិដាច់ដោយឡែកចំនួន ១.៤ទ្រីលានវ៉ុន ឬជាង ១ពាន់លានដុល្លារ ដើម្បីជួយដល់ការរីកចម្រើននៃក្រុមហ៊ុនបន្ទះឈីប AI ដែលប្រកបដោយភាពច្នៃប្រឌិត។
គួរបញ្ជាក់ផងដែរថា បន្ទះឈីប គឺជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចពិភពលោក ដោយបច្ចុប្បន្ននេះ វាបានក្លាយទៅជាឧបករណ៍ចាក់ស្រេះចូលក្នុងចរន្តផលិតកម្ម នៃគ្រប់ផលិតផលបច្ចេកវិទ្យា ចាប់រាប់ពីអំពូលអគ្គិសនីរហូតទៅដល់ស្មាតហ្វូន រថយន្ត យន្តហោះ និងសព្វាវុធ។
ហើយតម្រូវការបន្ទះឈីបកម្រិតខ្ពស់បំពាក់ប្រព័ន្ធ AI បានកើនឡើងយ៉ាងគំហុក ដោយសារភាពជោគជ័យរបស់ ChatGPT និងផលិតផល AI ជំនាន់ផ្សេងទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា