ក្រុមហ៊ុនប្រេងធំបំផុតរបស់អង់គ្លេស រំពឹងចំណេញច្រើនក្នុងត្រីមាសទី១ឆ្នាំនេះ

ឡុងដ៍៖ ក្រុមហ៊ុនថាមពលកំពូលរបស់អង់គ្លេស BP នៅថ្ងៃអង្គារនេះនិយយថា ខ្លួនរំពឹងថា ផលិតកម្មប្រេង និងឧស្ម័ន រួមទាំងការជួញដូរដ៏រឹងមាំ នឹងកើនឡើងនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ។

ក្រុមហ៊ុន BP បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតកម្មប្រេង និងឧស្ម័នរបស់ខ្លួន នៅក្នុងត្រីមាសទី១ឆ្នាំនេះ ត្រូវបានរំពឹងថា នឹងហក់ឡើងខ្ពស់ បើធៀបនឹងត្រីមាសមុន ដោយសារតែសន្ទុះផលិតកម្ម និងប្រតិបត្តិការប្រេង, ឧស្ម័ន និងថាមពលកាបូនទាប។

ការលក់ឧស្ម័ន ត្រូវបានរំពឹងថា នឹងមានភាពរឹងមាំ ក្រោយទទួលបាននូវកំណើនដ៏ល្អប្រសើរនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ខណៈការលក់ប្រេងក៏ទទួលបានភាពរឹងមាំឡើងវិញផងដែរ។

ការណ៍នេះ បាននាំឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន BP ស្ទុះឡើងជិតពីរភាគរយ នៅលើទីផ្សារភាគហ៊ុនរបស់ទីក្រុងឡុងដ៍។ តម្លៃប្រេងហក់ឡើងខ្ពស់ នាំឱ្យមាននិន្នាការជំរុញប្រាក់ចំណេញ និងប្រាក់ចំណូលនៅទូទាំងក្រុមហ៊ុនឧស្សាហកម្មថាមពល។

គូប្រជែងសំខាន់របស់ BP គឺក្រុមហ៊ុនប្រេង និងឧស្ម័ន Shell ក៏បានឱ្យដឹងកាលពីសប្តាហ៍មុនដែរថា ខ្លួនរំពឹងថា ការលក់ឧស្ម័នធម្មជាតិនឹងជួបកំណើនដ៏រឹងមាំ ប៉ុន្តែទាបជាងនៅក្នុងត្រីមាសទី១ឆ្នាំមុន។ ហើយ Shell គ្រោងនឹងរាយការណ៍ពីប្រាក់ចំណូលក្នុងត្រីមាសទី១របស់ខ្លួន នៅថ្ងៃទី០២ ខែឧសភាខាងមុខនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner